លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ មានមូលហេតុធំៗ៤ ដែលត្រូវ«ធ្វើការដើម្បីរស់ ប៉ុន្តែកុំរស់ដើម្បីតែធ្វើការ»

សង្គម​និង​សេដ្ឋកិច្ច

«ធ្វើការដើម្បីរស់ ប៉ុន្តែកុំរស់ដើម្បីតែធ្វើការ» គឺជាពាក្យមួយឃ្លាដែលអ្នកជំនាញខាងភូមិសាស្ត្រ នយោបាយដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា ធ្វើការចែករំលែកនៅតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ ពាក្យមួយឃ្លានេះ លោក ទំនងជាចង់ដាស់តឿនទៅកាន់សារធារណៈជន ​ពិសេសបងប្អូនដែលកំពុងតែបំរើការងារជាដើម ទុកជាទុនដោះស្រាយសម្រាប់ជីវិតប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ដែលត្រូវបានគេដឹងថា គឺនាយកគ្រប់គ្រងវិទ្យុបារាំង អន្តរជាតិ RFI ជាភាសា ខ្មែរផងនោះ បានលើកឡើងដូច្នេះថា៖ «ហេតុអ្វីងើបពីព្រលឹមហើយចេញទៅធ្វើការ? មានមូលហេតុបួនយ៉ាងតិច។ ទី១៖ដើម្បីរកលុយមកចិញ្ចឹមជីវិត។ ទី២៖ដើម្បីលក្ខន្តិកៈសង្គម(social status) បានន័យថា ខ្ញុំធ្វើការដ្បិតខ្ញុំជាពលរដ្ឋសកម្មដែលចូលរួមកសាងសង្គមដើម្បីប្រយោជន៍ជាតិខ្ញុំ តាមរយៈកិច្ចការទោះតូចឬធំ ក្នុងអាជីពនិងក្នុងជំនាញរបស់ខ្ញុំ។ ទី៣៖ ដើម្បីទំនាក់ទំនងសង្គម បានន័យថា មានការធ្វើ នាំខ្ញុំឱ្យជួបគេឯងដែលជាពលរដ្ឋដទៃ ដែលជាសហការីរួមការងារ ឬដែលជួនកាលក្លាយជាមិត្តភក្តិរួមការងារ។ ទី៤៖ ដើម្បីបំពេញបំណងរបស់ខ្ញុំ ដើម្បីធ្វើឱ្យសុបិនរបស់ខ្ញុំ(អ្នកខ្លះចង់បង្រៀន អ្នកខ្លះចង់ព្យាបាល អ្នកខ្លះទៀតចង់សរសេរ ចង់គូរ ចង់ក្លាយជា…)ក្លាយជាការពិត»។

ជាមួយគ្នានេះដែរ ជុំវិញគំនិតខាងលើ បើទោះជាបានផ្តល់នូវមូលហេតុសំខាន់ៗចំនួនបួនដែលចាំបាច់ត្រូវបំពេញការងារក្តី។ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏បានលើកឡើងបន្ថែមថា «ប៉ុន្តែ…ធ្វើការយូរទៅ នាំឱ្យមនុស្សច្រើនឡើងៗ ពិសេសក្នុងសង្គមទំនើប យល់ឃើញនៅទីបំផុតថា ខ្លួនជាទាសករ, ទាសករនៃថៅកែ, ទាសករនៃតម្រូវការ, ទាសករនៃជីវិត…។ ធ្វើការយូរទៅ នាំឱ្យមនុស្សច្រើនឡើងៗ ហត់ទាំងកាយហត់ទាំងចិត្ត ពីព្រោះការងារច្រើនធ្វើមិនចេះអស់ ពីព្រោះកន្លែងការងារជាទីនៃការកកិតប៉ះទង្គិចគ្នារវាងមនុស្សខុសគ្នា រវាងបុគ្គលិកលក្ខណៈខុសគ្នា រវាងចរិតចរិយាខុសគ្នា រវាងប្រយោជន៍ខុសគ្នា…។ ធ្វើការយូរទៅ នាំឱ្យធុញថប់ ដ្បិតសុបិនរលាយដូចអំបិលត្រូវទឹក ដ្បិតមិនដូចការគិត ហើយប្រាក់ខែក៏តិចទៀត»។

ហេតុនេះ លោកថា ម្ល៉ោះហើយ ដើម្បីសុខកាយសប្បាយចិត្ត ទន្ទឹមគ្នានឹងការងារដែលត្រូវធ្វើ ម្នាក់ៗគួរស្វែងរកអ្វីផ្សេង…សុភមង្គលក្នុងគ្រួសារ មិត្តភក្តិនៅក្រៅរង្វង់ការងារ នៅឃ្លាតឆ្ងាយពីការងារពេលថ្ងៃសម្រាក ឬពេលវិស្សមកាល និងចំណីសម្រាប់អារម្មណ៍សប្បាយរីករាយខ្លះទៅ។ ទាំងនេះ មិនខុសទេ មិនបាបទេ៕ អត្ថបទ៖ ពិសី