កម្ពុជា បានកំណត់គោលដៅយុទ្ធសាស្ត្រធំៗ៤ ដើម្បីជំរុញសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រធំៗ៤ ដើម្បីជំរុញសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានឲ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឪកាសនោះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងជួសមុខឱ្យប្រជាជនកម្ពុជាទាំងអស់សម្តេច ហ៊ុន សែន បានបង្ហាញការគាំទ្រ និងជឿជាក់លើគោលការណ៍គ្រឹះនានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អាស៊ាន ជាពិសេសការឯកភាពជាឯកច្ឆន្ទ និងមជ្ឈភាពអាស៊ាន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់យន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ នៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមគ្នានេះ សម្ដេចបានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន៤ នៅក្រោម សសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងនោះ រួមមាន៖ ១.ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២.ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែង របស់អាស៊ាន ៣.ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែង អាស៊ានឱ្យខ្លាំងជាងមុន និង ៤.អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំនោះដែរ សម្ដេចតេជោ ក៏បានស្នើទៅកាន់អាស៊ានថា គួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈ ការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ៕