ធនាគារជាតិ ស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់រងផលប៉ះពាល់ដោយទឹកជំនន់

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ តាមស្ថានភាពជាក់ស្ដែង។ ការអំពាវនាវនេះធ្វើឡើងតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលថ្មីៗនេះ ដែលបានអំពាវនាវ ដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មានការយោគយល់ និងអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងការពន្យារពេល ឬបន្ធូរបន្ថយការប្រាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងស្ថានភាព ដែលខេត្តមួយចំនួនបាននិងកំពុងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាសន៍អំពាវរបស់ប្រមុខដឹកនាំកម្ពុជា និងក្រោយពីពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អ ក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ។

យ៉ាងណា ធនាគារជាតិ បានបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញ ត្រូវគោរពតាមលក្ខខណ្ឌ ដូចជា ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន។ ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម។

ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជា ជួយស្ដារជីវភាពរបស់អ្នកខ្ចីប្រាក់ ធនាគារជាតិក៏ជំរុញឲ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគួរពិចារណា ផ្ដល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ជាដើម។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែតុលានេះ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបមានចំនួនប្រមាណ ២០៦ ៧៧៣ ហិចតា, ផ្ទៃដីដំណាំស្រូវដែលបានខូចខាតមានចំនួន ៨៥ ១២៨ ហិចតា និងផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញមានចំនួន ៤៨ ៤៧២ ហិចតា៕