កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ត្រៀមរៀបចំរយៈពេល ២ថ្ងៃនៅក្រុងភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានការចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ធុរជន ក៏ដូចជា អ្នកជំនាញ មកពីប្រទេសអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។

កិច្ចប្រជុំនេះ គឺជាវេទិកា ដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន អំពីការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើក កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក នៅសណ្ឋគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាននិងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរជនជាតិនិងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណជាង ១០០០នាក់ នៅទីតាំងពិធី និងប្រព័ន្ធអនឡាញ៕