សម្តេចតេជោ ហ៊ុន សែន តេស្តវិជ្ជមានកូវីដ១៩ នឹងគ្រោងមកកម្ពុជាវិញ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងដឹកនាំគណៈប្រតិភូត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចបញ្ជាក់ថា សម្តេចគ្រោងត្រឡប់មកដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលសម្តេចនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកានេះ សម្តេចតេជោបានឱ្យដឹងថា មុនចេញពីកម្ពុជាសម្តេចធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកសម្តេចធ្វើរហ័សមុនឡើងយន្តហោះតែពុំមានឃើញ
អ្វីនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងថា៖ ខ្ញុំមិនច្បាស់ថាមេរោគនេះមកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមកនោះឡើយតែអ្វីដែលច្បាស់ពេលមកដល់ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាចលុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ១៩ដែលយើងត្រូវតែទទួលស្គាល់បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។

សម្តេចតេជោថ្លែងបន្តថា ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយប្រធានាធិបតីបារាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។

យ៉ាងណា សម្តេចបានបញ្ជាក់បន្ថែមថា អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុកជាមួយប្រធានាធិបតីចិននិងប្រធានាធិបតីបារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។

សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅយប់ថ្ងៃទី១៤ខែវិច្ឆិកាម្សិលមិញ៕