លោក យ៉ង សាំងកុមារ ប្រកាសប្តេជ្ញាចិត្តធ្វើជាមន្រ្តីល្អក្នុងការបំរើវិស័យកសិកម្ម និងប្រជាជន

សង្គម​និង​សេដ្ឋកិច្ច

ប៉ុន្មានម៉ោងប្រកាសចូលកាន់ដំណែងជាផ្លូវការ ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ លោក យ៉ង សាំងកុមារ ជាមន្រ្តីទើបតែងតាំងថ្មីប្រកាសប្តេជ្ញាចិត្តធ្វើជាមន្រ្តីល្អទាំងសមត្ថភាព សកម្មភាព និងសុចរិតភាពក្នុងបំរើវិស័យកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃសុក្រនេះ លោក យ៉ង សាំងកុមារ បានសម្តែងការអរគុណចំពោះលោករដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា និងក្រុមការងារក្រសួងដែលរៀបចំពិធីនេះឡេីង។ ជាមួយគ្នានេះដែរ លោក សាំងកុមារបានប្តេជ្ញាចិត្តនឹងធ្វេីខ្លួនជាមន្រ្តីល្អទាំងសមត្ថភាព សកម្មភាព និងសុចរិតភាពក្នុងការធ្វេីការបម្រេីកសិករនិងប្រជាពលរដ្ឋ។

សូមជម្រាបជូនថា មួយថ្ងៃក្រោយជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយផ្ទាល់លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រកម្ពុជា តែង​តាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក យ៉ង សាំងកុមារ មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានឪពុកជាគ្រូបង្រៀន ចំណែកឯអ្នកម្តាយជាកសិករ។ មានវ័យ ៥៦ឆ្នាំ លោក យ៉ង សាំងកុមារ អតីតសហស្ថាបនិកបណ្តាញសង្គមខ្មែរ ដើម្បីខ្មែរ និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។

លោកបានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យឡែបស៊ិក នៃប្រទេស​អាល្លឺមង់ នៅក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះអស់រយៈពេលជិត ១១ឆ្នាំ។ ក្រៅពីភាសាកំណើត បណ្ឌិត យ៉ង សាំងកុមារ ចេះ និងអាចនិយាយដល់ទៅ៣ភាសាឯណោះ គឺ ភាសាអង់គ្លេស អាល្លឺម៉ង់ និងបារាំង។

ទន្ទឹមនឹងនេះ លោកក៏ធ្លាប់ទទួលពានរង្វាន់ Ramon Magsaysay Award ឬរង្វាន់ណូបែលអាសុីពីប្រទេសហ្វុីលីពីន, រង្វាន់និស្សិតរៀនពូកែចំនួន៣ដងក្នុងពេលបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់, អាហារូបករណ៍ Friedrich Neumann អាល្លឺម៉ង ជាដើម៕