កងទ័ពជើងគោកកម្ពុជានិងកូរ៉េ ចុះហត្ថ​លេខារួមគ្នា​លើ​អនុ​ស្សារ​ណៈ​​នៃការ​យោគយល់ស្តី​ពីកិច្ចស​ហប្រ​តិប​ត្តិការ

សង្គម​និង​សេដ្ឋកិច្ច

កងទ័ពជើងគោកកម្ពុជានិងកងទ័ពជើងគោកកូរ៉េ បានចុះហត្ថលេខារួមគ្នាលើ “អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណង លើកកម្ពស់ចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងភាគីទាំងពីរ ដោយផ្អែកលើទំនុកចិត្តរួមក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងតាមប្រព័ន្ធ VTC នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ាក ចុងហ៊័ន (Park Jeong Hwan) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ។

សេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក បានបញ្ជាក់ថា ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីកម្ពុជានិងកូរ៉េបានចាត់ទុកវឌ្ឍនភាពនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយឯកសារអនុស្សារណៈនេះនឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាតទៅអនាគត។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានកត់​សម្គាល់​ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ដែលកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេស​នៅក្រោយការចុះអនុស្សារណៈនៃការយោគយល់ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៨ ហើយដែលផ្តើមចេញពីមូលដ្ឋាននេះ ក៏បានបើកឱកាស និងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា-សាធារណរដ្ឋកូរ៉េ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់ជំនួយជាសម្ភារយោធា ជាដើម។

គួរបញ្ជាក់ថា ក្នុងជំនួបតាមប្រព័ន្ធ VTC រវាងមេបញ្ជាការកងទ័ពជើងគោកនិងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ” សមភាគីទាំងពីរបានរំឭកអំពីការភ្ជាប់ចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនៅក្នុងឆ្នាំ១៩៧០ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈកាល ២៥ ឆ្នាំកន្លងមកនេះ រាប់ចាប់តាំងពីការភ្ជាប់ចំណងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។