រាជរដ្ឋាភិបាល នឹងសង់រូបសំណាកមួយទៀត តម្លៃ៥០ម៉ឺនដុល្លារ នៅមុខស្ថានទូតបារាំង ចុងខែមករានេះ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា ​បាន​អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​​​នូវ​រូប​សំណាក “រូបពីរ” ឬ​វិមាន​រំឭក​​ដល់​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ (Monument aux Morts) ​​​ស្ថិត​នៅ​សួន​មុខ​ស្ថានទូត​បារាំង ​​​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២៣ ខាង​មុខ​នេះ​ ដោយ​គម្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០​ម៉ឺន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០២២ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល ​​បាន​យល់​ព្រម​ជាគោលការណ៍​ដូច​ខាង​ក្រោម៖

១. រៀបចំ​ពិធីបញ្ចុះ​បឋមសិលាសាងសង់​ឡើងវិញ​នូវ​រូបសំណាក “រូបពីរ” ឬវិមាន​រំឭក​ដល់​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី១ (Monument aux Morts) ស្ថិត​នៅ​សួន​មុខ​ស្ថានទូត​បារាំង នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២៣ ​​វេលា​ម៉ោង ៨​ព្រឹក ដោយ​មាន​វត្តមាន​របស់​លោក Olivier Becht រដ្ឋមន្ត្រី​ប្រតិភូ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​សាធារណៈរដ្ឋ​បារាំង។

២. ប្រើប្រាស់​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​អំណោយ​របស់​លោក Roger Zannier សប្បុរសជន ដើម្បី​អនុវត្ត​ការ​សាងសង់​នេះ។

៣. អនុញ្ញាត​ជូន​ស្ថានទូត​បារាំង​ប្រើប្រាស់​ទីតាំង​រូប​សំណាក “រូបពីរ” ដើម្បី​រៀបចំ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា រៀង​រាល់​ឆ្នាំ។

​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​​​នូវ​រូប​សំណាក “រូបពីរ” ​​នា​ថ្ងៃទី​២៥ ខែមករា ខាង​មុខ​នេះ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹង​អញ្ជើញ​ធ្វើ​ពិធី​ក្រុង​ពាលី នៅ​ពេល​ព្រលឹម បន្ទាប់មក​លោក ជា សុផារ៉ា ​​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹង​អញ្ជើញ​ជា​គណៈអធិបតី ​ព្រម​ទាំង​ការ​ថ្លែង​សុន្ទរកថា បើក​ការដ្ឋាន​សាងសង់។

គួរ​រំឭក​​ថា ក្នុងជំនួបទ្វេភាគីនៅក្នុងវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ប្រកាសប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីសថា លោកបានយល់ព្រមអនុញ្ញាតឱ្យមានការសាងសង់​រូបសំណាកមិត្តភាពនេះ​ឡើងវិញ​ហើយ។

សម្តេចតេជោ បាន​ថ្លែង​ថា៖ “មានរឿងមួយដែលខ្ញុំគួរតែនិយាយប្រាប់អ្នកទាំងអស់គ្នានៅទីនេះ ទាក់ទងនឹង​ការរក​ឃើញថ្មីៗ និងជាការគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ។ ៣ថ្ងៃ មុនខ្ញុំមកដល់ទីនេះ យើងបានរកឃើញ មានរូប​សំណាក​មួយដែលត្រូវបានសាងសង់ក្នុងឆ្នាំ ១៩២៥ ហើយត្រូវបានខ្មែរក្រហមវ៉ៃកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។ ខ្ញុំបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីរួចហើយ។ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជា​និមិត្តរូប​ នៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា លោកប្រធានាធិបតី មិនជំទាស់នឹងគម្រោងនេះទេ”។

សូម​បញ្ជាក់​ថា រូបសំណាក​វិមាន​រំឭក​​ដល់​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ (Monument aux Morts) ជារូបសំណាក​តំណាង​ឱ្យមិត្តភាពកម្ពុជាបារាំង ហើយ​ជារូបសំណាកដ៏ធំ ដែលបង្ហាញពីសាមគ្គីភាពរវាងយុទ្ធជន​បារាំង​និងកម្ពុជា ដែលធ្លាប់រួមគ្នាប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី១។ រូបសំណាកនេះត្រូវបានកសាងនៅ​ក្នុងឆ្នាំ១៩២៥ ដើម្បីឧទ្ទិសដល់យុទ្ធជនពលីនៅក្នុងសង្គ្រាម ហើយដែលប្រជាជនខ្មែរហៅរូបសំណាកនេះថា រូបសំណាក «រូបពីរ» ប៉ុន្តែ​រូបសំណាកនេះ​ត្រូវបានខ្មែរក្រហមវ៉ៃកម្ទេចចោលក្នុងឆ្នាំ ១៩៧៧៕