ឆ្នាំ២០២៣នេះផលិតផលក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើងមានការបញ្ជាទិញធ្លាក់ចុះ២០%

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបង្ហាញការវាយតម្លៃអំពីការបញ្ជាទិញផលិតផលក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជាថានៅឆ្នាំ២០២៣នេះ ការបញ្ជាទិញមានការថមថយប្រមាណ២០%បើប្រៀបធៀបកាលឆ្នាំមុនៗ ខណៈវិស័យមួយនេះការបញ្ជាទិញពីទីផ្សារធំៗនៅខាងក្រៅលែងមានរយៈពេលវែងទៀតហើយ(២ឆ្នាំ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា ការបញ្ជាទិញពីទីផ្សារអន្តរជាតិ ធំៗនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើមនេះគឺមានរយៈពេល៣ខែ ៦ខែ ១ឆ្នាំ ឬ២ឆ្នាំទៅតាមរយៈពេលកំណត់ដែលយើងធ្លាប់សិក្សាឬពិភាក្សាគ្នា។តែប៉ុន្មានឆ្នាំចុងក្រោយនេះការបញ្ជាទិញពីទីផ្សារក្រៅលែងមានរយៈពេលដល់២ឆ្នាំ​ទៀតហើយ មានត្រឹមតែ៣ខែ ៦ខែនិង១ឆ្នំាប៉ុណ្ណោះ។ការបញ្ជាទិញដែលមានរយៈពេលខ្លីវាមិនមែនមានន័យថាវាផ្តល់ភាពងាយស្រួលសម្រាប់អ្នកផ្គត់ផ្គង់ទេឬអ្នកបញ្ជាទិញខ្លួនឯងនោះទេ ដោយសារវាគ្មានជម្រើសដោយសារវាមានហានិភ័យ។

លោក អាត់ ធន់ លើកឡើងថា«យើងមើលឃើញនៅក្នុងឆមាសទីមួយដើមឆ្នាំ២០២២កន្លងមកគឺមានការបញ្ជាទិញឥវ៉ាន់មានច្រើន តែមកដល់ចុងឆ្នំា២០២២ការកំម្ម៉ង់ទំនិញមានការធ្លាក់ចុះហើយមកដល់ដើមឆ្នាំ២០២៣នេះការកំម្ម៉ង់ក៏មានមិនច្រើនដែរ បើយើងប្រៀបធៀបទៅនិងឆមាសទី១ដើមឆ្នាំ២០២២អាចមានការថមថយពី១០ទៅ២០% ហើយការបញ្ជាទំនិញនៅឆ្នាំ២០២៣នេះអាចមានភាពប្រហាក់ប្រហែលទៅនិងការកំម្ម៉ង់កាលឆមាសទីពីរឆ្នាំ២០២២»។

បើតាមប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាថាការបញ្ជាទិញឬការកំម្ម៉ង់ពីទីផ្សារខាងក្រៅមានធ្លាក់ចុះដោយសារកត្តាGSPនៅអាមេរិកមិនទាន់ផ្តល់ឱ្យតំាងពីដើមឆ្នំា២០២០។ កត្តាEBAនៅខាងអឺរ៉ុបភាពអនុគ្រោះ២០%ត្រូវបានកាត់ផ្តាច់ហើយប៉ុន្មាន%ផ្សេងទៀតអាចនិងមានបញ្ហាដែរ,បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយ។ លើសពីនេះគួបផ្សំជាមួយកម្ពុជារៀបចំការបោះឆ្នោតថ្នាក់ជាតិផងនោះ ធ្វើឱ្យអ្នកបញ្ជាទិញមានការប្រយ័ត្នប្រយែង បើទោះបីនៅពេលធម្មតាមានការបញ្ជាទិញច្រើនគេអាចមានការកាត់បន្ថយឬបញ្ជាទិញក្នុងរយៈពេលខ្លី។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការនាំចេញ​នៅក្នុង​វិស័យ​វាយនភណ្ឌ​ (​សម្លៀក​បំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ​) ​មានតម្លៃ ២២ប៊ីលានដុល្លារ បើធៀបនឹងឆ្នាំ២០២១ កើតឡើង ១៦% ក្នុងនោះតម្លៃនៃការនាំចេញស្បែកជើងមាន ១.៧ ពាន់លានដុល្លារ ធៀបនឹង២០២១ កើនឡើង ៧.៧.%៕ អត្ថបទ ឧកញ៉ា សារេត