ចូល​ឆ្នាំប្រពៃណីចិន​និងវៀតណាម អាជ្ញាធររាជធានី​ភ្នំ​​ពេញ ហាមមិនឲ្យដុតផាវ​ និងលេងល្បែង​ស៊ីសង

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀ​​ប​​រយសាធារណៈ រដ្ឋបាលរាជធានី​ភ្នំពេញ បាន​ហាមដាច់ខាត មិន​ឲ្យមាន​ការ​ដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ និងលេង​​ល្បែងស៊ីសង ​គ្រប់ប្រភេទក្នុងឳកាស​បុណ្យ​​ចូលឆ្នាំថ្មីប្រពៃណី​ចិននិងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ ចាប់ពីពេលនេះ​តទៅអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវ​ចាត់វិធានការឱ្យ​ម៉ឹង​ម៉ាត់​​បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ​​តាមច្រក​ចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូត ដែលមានតាំងលក់នៅ​គ្រប់ទីកន្លែងក្នុង​រាជធានី​ភ្នំពេញ។

ចំពោះការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី​ដែលគ្មានការអនុញ្ញាត រដ្ឋបាលរាជធានីភ្នំពេញ ក៏ហាមឃាត់​ផង​ដែរ​។ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហ​ដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព និង​ត្រូវ​ប្រុង​ប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើង ចង្ក្រាន ចរន្ត​អគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ​កើតឡើង​ជាយថាហេតុ។ ដោយឡែក​ការដុតក្រដាស​សែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាតមិនឱ្យដុតលើ ចិញ្ចើមផ្លូវឬទ្រូង ផ្លូវសាធារណៈ ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏ព្រមានផងដែរ ចំពោះ ជនណាបំពាន​​នឹងការណែនាំនេះឬប្រព្រឹត្តល្មើសបង្ក​ឱ្យមានចល័ចលក្នុង​សង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយ​សាធារណៈ​​ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕