ចាយដើមទុន ១លានរៀលដាំស្វាយចន្ទី កើបលុយបាន ២៥០០ដុល្លារអាមេរិកក្នុងមួយរដូវ

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្ននេះ កំណើនអ្នកដាំស្វាយចន្ទីមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងមួយគ្រួសារដាំពី ៥ ទៅ ៦ហិចតា ខណៈដែលទីផ្សារគ្រាប់ស្វាយចន្ទីកំពុងត្រូវការ និងមានតម្លៃល្អ។ នេះបើតាមការឱ្យដឹងពី លោក ស៊ុន ចិន្ដា ម្ចាស់ចម្ការស្វាយចន្ទីខេត្តឧត្តរមានជ័យ បានផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍ កាលពីព្រឹកមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍នេះ លោក ចិន្តា បានលើកឡើងថា លោកបានចាប់ផ្ដើមដាំស្វាយចន្ទីតាំងពីឆ្នាំ ២០១៧ ដោយការចំណាយលើការដាំស្វាយចន្ទីនេះ ចាយទុនត្រឹមតែ ១លានរៀលប៉ុណ្ណោះ ដែលលោកទទួលចំណូលមកវិញខ្ទង់ ២៥០០ដុល្លារអាមេរិកក្នុងមួយរដូវ។ ខណៈមួយហិចតា ប្រមូលផលគ្រាប់បាន ២តោនជាង លោកចិន្ដាបញ្ជាក់បន្ថែម។

លោកបន្តថា កូនស្វាយចន្ទីដែលដាំ លោកនាំយកមកពីខេត្តកំពង់ចាម ដែលកូន ១ដើមតម្លៃ ១៧០០រៀល ក្នុងមួយហិចតា ដាំចំនួន ១០០ដើម ហើយកូន ៦០០ដើម ដាំដុះលើផ្ទៃដីសរុប ៦ ហិចតា។

កសិករវ័យ ២៩ឆ្នាំរូបនេះ បានបង្ហើបថា ក្នុងការដាំស្វាយចន្ទីមានផលវិបាកខ្លះដែរ ដូចជាបញ្ហាអាកាសធាតុប្រែប្រួល បញ្ហាប្រមូលផលមិនទាន់តម្លៃទីផ្សារ ប៉ុន្តែលោកមិនដែលបោះបង់ការងារកសិកម្មរបស់លោកទេ ដោយចាប់ផ្ដើមរៀនសិក្សាបច្ចេកទេសដាំ ការរើសថ្នាំការពារ និងតាមដានអ្នកមានបច្ចេកទេសតាមប្រព័ន្ធមេឌៀផ្សេងៗ ទើបមានភាពជោគជ័យលើការងារមួយនេះ។

ទន្ទឹមនឹងការលើកឡើងនេះ លោកបន្ថែមថា កត្តាដែលធ្វើឱ្យលោកទទួលបានជោគជ័យនេះ គឺដោយសារកត្តាជីវភាពគ្រួសារជាចម្បង និងការស្រលាញ់ចូលចិត្តដោយខិតខំប្រឹងប្រែង ជាពិសេសទៅថ្ងៃអនាគត លោកនឹងពង្រឹកផ្ទៃដីដាំដុះដំណាំបន្ថែមតាមដែលអាចធ្វើបាន។ ហើយលោកក៏បានផ្ដាំផ្ញើទៅប្រជាកសិករខ្មែរ ដែលកំពុងប្រកបរបរកសិកម្មទាំងអស់ថា សូមកុំឆាប់ជឿគេលឿនពេកក្នុងការអំពាវនាវលក់ថ្នាំការពារដំណាំ ដោយគ្រាន់តែឮថាថ្នាំល្អៗ ប៉ុន្តែត្រូវរៀនសង្កេតមើលប្រភេទថ្នាំឱ្យបានច្បាស់លាស់មុនជាវមកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ស្វាយចន្ទីកម្ពុជាកំពុងមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានទទួលស្គាល់ពីទីផ្សារលើទំហំគ្រាប់ រសជាតិ កម្រិតកាកសំណល់កសិកម្មទាប និងសរីរាង្គតាមបែបប្រពៃណី ដែលផលិតផលស្វាយចន្ទីរបស់កម្ពុជា អាចទាញយកចំណែកទីផ្សារពិភពលោករួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួម និងប្រទេសជប៉ុន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣៕