កសិដ្ឋានចិញ្ចឹមជ្រូកប្រមាណ១ពាន់ក្បាលក្នុងខេត្តសៀមរាបមួយកន្លែងត្រៀមផ្អាកអាជីវកម្មងាកមកដាំបន្លែវិញ

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលប្រជាកសិករភាគច្រើននៅក្នុងតំបន់បាននិងកំពុងបានបោះបង់ឬឈប់ចិញ្ចឹមជ្រូក លោក អាន ឬទ្ធី ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងខេត្តសៀមរាប កំពុងធ្វើការពិចារណាទៅលើការបិទកសិកដ្ឋានរបស់ខ្លួន ដោយសារអស់លទ្ធភាពមិនអាចបន្តដំណើរការទៅមុខបាន ដោយងាកមកពង្រីការដាំដុះបន្លែសេរីរាង្គនិងបន្លែសុវត្ថិភាពវិញ ហើយលោកចាត់ទុកថាឆ្នាំ២០២២ និង២០២៣នេះគឺជាវិបត្តិទីផ្សារជ្រូករស់ដែលអាក្រក់បំផុតមិនធ្លាប់ជួបកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក អាន ឬទ្ធី

លោក អាន ឬទ្ធី កសិករចិញ្ចឹមជ្រូកនៅភូមិស្នាសង្គ្រាម ឃុំបាល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាម នៅពេលបច្ចុប្បន្នកំពុងចិញ្ចឹមជ្រូកប្រហែល១ពាន់ក្បាលបានឱ្យដឹងថា តម្លៃជ្រូករស់នៅលើទីផ្សារបើគិតត្រឹមដើមឆ្នំា២០២៣ចាប់ពីខែមករារហូតដល់ខែកុម្ភៈយើងឃើញថាវាមានការវិវត្តន៍ ប៉ុន្តែវាតិចតួចវាមិនឆ្លើយតបទៅនិងកសិករចង់បាន។ បច្ចុប្បន្ននេះកសិករមិនទាមទារទាល់តែតម្លៃជ្រូករស់ឡើងដល់ជាង១២.០០០រៀលក្នុងមួយគីឡូក្រាមដូចកាលឆ្នំា២០២១នោះទេ ខាងកសិករគ្រាន់តែសុំធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធជួយរកដំណោះស្រាយយ៉ាងម៉េច ទប់ស្កាត់នៃការធ្លាក់ចុះបន្ថែមទៀត ហើយឱ្យវារីកចម្រើនជាងនេះបន្តិចទៀតទើបអាចឆ្លើយតបបានទៅនិងថ្លៃដើមផលិតរបស់ប្រជាកសិករដែលជាអ្នកចិញ្ចឹមជ្រូក។

លោកលើកឡើងថា នៅពាក់កណ្តាលឆ្នាំ២០២២ តម្លៃជ្រូករស់នៅលើទីផ្សារចាប់ផ្តើមធ្លាក់ចុះហើយអូសបន្លាយរហូតដល់ដាច់ឆ្នំា២០២២។តែដល់ដើមឆ្នាំ២០២៣តម្លៃវាមានកើនឡើងត្រឹមតែ២០០ទៅ៣០០រៀលក្នុងមួយគីឡូក្រាមនៃជ្រូករស់ វាអត់ឆ្លើយតបទៅនិងការចំណាយថ្លៃដើមផលិតរបស់ប្រជាពលរដ្ឋ។ តម្លៃចំណីវាចេះតែឡើងថ្លៃ ប៉ុន្តែដល់ទីផ្សារតម្លៃជ្រូករស់វាអត់ឡើងថ្លៃ។

លោក អាន ឬទ្ធី មានប្រសាសន៍ថា គិតមកដល់ដើមខែកុម្ភៈឆ្នំា២០២៣នេះខ្ញុំអាចនិយាយបានថាប្រជាកសិករមិនតិចជាង៤០ទៅ៥០%នោះទេដែលគាត់បោះបង់ឈប់ចិញ្ចឹមជ្រូកជាស្ថាពរ។ខ្ញុំអាចធានាថាតួលេខនេះពិតប្រាកដ ព្រោះខ្ញុំក៏ជាអ្នកធ្វើការនៅក្នុងសហគមន៍ដែរ គឺគាត់មិនអាចទប់ទល់ទៀតបានទេ។

លោកគូសបញ្ជាក់ថា«សូម្បីតែខ្ញុំខ្លួនឯងនិយាយប្រាប់ដោយស្មោះថាមកដល់ម៉ោងនេះខ្ញុំទប់ទល់លែងរួចហើយ។ខ្ញុំក៏កំពុងតែពិចារណាឆ្ពោះទៅរកការបិទកសិដ្ឋានចិញ្ចឹមជ្រូករបស់ខ្ញុំដែរខណៈពេលនេះខ្ញុំកំពុងតែពង្រីកមុខរបរថ្មីគឺការដំាបន្លែប្រភេទបន្លែសេរីរាង្គនិងបន្លែសុវត្ថិភាព។នៅពេលយើងបាត់បង់ចំណូល មិនត្រឹមតែរូបខ្ញុំទេ»។ 

លោកលើកឡើងថា កសិករនៅទូទំាងប្រទេសជារួមតែនិយាយដោយឡែកសម្រាប់កសិករចិញ្ចឹមជ្រូកតែម្តង សុទ្ធតែមានបំណុលនៅធនាគារនិងនៅមីក្រូហិរញ្ញវត្ថុ។យើងដឹងហើយថាបំណុលនៅធនាគារនិងនៅមីក្រូហិរញ្ញវត្ថុនេះគ្មានករណីលើកលែងណាមួយថាស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ជ្រូកជួបបញ្ហាត្រូវបានគេបន្ធូរបន្ថយ បញ្ចុះភាគរយនៃការយកការប្រាក់ឬពន្យាពេលយកការប្រាក់គឺអត់មានទេគឺមានន័យថាដល់ថ្ងៃដល់ខែត្រូវបង់ការប្រាក់ទៅឱ្យគេ។ ខាតទៅលើជ្រូកនេះមិនមែនខាតលើប្រាក់ចំណេញទេគឺខាតទៅលើថ្លៃដើមផលិតជ្រូកតែម្តង អីចឹងខាតទៅលើថ្លៃដើមផលិតជ្រូកផង ហើយខាតទៅលើបង់ការប្រាក់ទៅឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារផងនោះគឺកសិករទប់លែងជាប់ដែលធ្វើឱ្យកសិករពី៤០ទៅ៥០%បង្ខំចិត្តបិទកន្លែងចិញ្ចឹមជ្រូក ហើយទៅធ្វើជាពលករសំណាកស្រុកមានទាំងស្របច្បាប់និងខុសច្បាប់នៅប្រទេសជិតខាងវិញ។

លោកសង្កត់ធ្ងន់ថា«ខ្ញុំមានបទពិសោធន៍លើការចិញ្ចឹមជ្រូកជាង១០ឆ្នំាកន្លងមកនេះ ខ្ញុំគិតថានៅពាក់កណ្តាលឆ្នាំ២០២២ដល់ដើមឆ្នំា២០២៣នេះគឺជាវិបត្តិទីផ្សារជ្រូករស់ដែលអាក្រក់បំផុតដែលខ្ញុំអត់ធ្លាប់ជួប។ ទីផ្សារជ្រូករស់ធ្លាក់ចុះនៅឆ្នំា២០១៤និងឆ្នំា២០១៥ដោយសារបញ្ហាជំងឺត្រចៀកជ្រូកខៀវ,ឆ្នាំ២០១៧មានការធ្លាក់ចុះនិងឆ្នាំ២០១៩ធ្លាក់ចុះម្តងទៀតប៉ុន្តែស្ថានភាពនៃការធ្លាក់ចុះនៅពេលនោះគឺយើងទប់ទល់បានដោយសារវាមានរយៈពេលខ្លី»។

លោកបន្តថា ប៉ុន្តែស្ថានភាពនៃការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះមានរយៈពេល៧ខែមកហើយ។អីចឹងសម្រាប់កសិករដូចជាខ្ញុំនិងកសិករខ្នាតតូចនិងលក្ខណៈគ្រួសារគឺយើងបានខ្ចីបុលខាងធនាគារនិងមីក្រូហិរញ្ញវត្ថុត្រឹមតែ៣ខែឬ៤ខែបើយើងមិនព្រមស្តារដើមឬរកដំណោះស្រាយឱ្យតម្លៃជ្រូកអាចលក់បានថ្លៃពី១ម៉ឺនរៀលដល់១២០០០រៀលឡើងវិញទេនោះកសិករដួលរំលំដោយខ្លួនឯងដោយពុំចំាបាច់ទៅបង្ខំគាត់ឱ្យបិទរោងចិញ្ចឹមជ្រូកទេគឺគាត់បិទដោយខ្លួនឯង។

តាមម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងខេត្តរៀម «មកដល់ពេលនេះខ្ញុំសូមសំណូមពរជំនួសឱ្យប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមជ្រូកទំាងអស់សូមឱ្យរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធទំាងអស់ចាត់វិធានការទប់ស្កាត់ការនាំចូលសាច់បង្កកប្រកបដោយប្រសិទ្ធិភាពកុំធ្វើឱ្យប្រជាកសិករបាត់បង់ជំនឿទុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធ»៕ អត្ថបទ៖សារេត