ជប៉ុន សន្យានឹងរួមចំណែកជួយដោះស្រាយបញ្ហាចរាចរណ៍នៅភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសជប៉ុនបានសន្យានឹងរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញបន្ថែមទៀត បន្ទាប់ពីជប៉ុនបានជួយរាជធានីភ្នំពេញលើការដោះស្រាយបញ្ហាទឹកជំនន់បានជោគជ័យ។ នេះជាការលើកឡើងរបស់ លោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួប សម្តែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ប្រទេសជប៉ុនមានទំនាក់ទំនងការទូតជាមួយនឹង ប្រទេសកម្ពុជាបានយ៉ាងរឹងមាំ ខណៈដែលជប៉ុនជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុង ការនាំសន្តិភាពមកឲ្យកម្ពុជាជាមួយនឹងការផ្ដល់ជំនួយឥតសំណងនិងការផ្ដល់ជំនួយបច្ចេកទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។

លោក បន្តថា ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តពេញថ្លើមចំពោះ ការអភិវឌ្ឍន៍រាជធានីភ្នំពេញរបស់យើង ដែលប្រទេសជប៉ុនបានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយបច្ចេកទេស ថែមទៀតតាមរយៈ ការមិនឲ្យកម្ពុជាសងបំណុលដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែក ស្វែង រកសន្តិភាពឲ្យប្រទេសកម្ពុជា របស់ប្រទេសជប៉ុន វាពិតបានធ្វើឲ្យទំនាក់ទំនងការទូតនៃប្រទេស ទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំនិងស្អិតរមួតទ្វេឡើង។

ជាការឆ្លើយតប លោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា ប្រទេសជប៉ុនបានជួយ រាជធានីភ្នំពេញ លើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែក សម្រាប់ បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយជាមួយនឹងរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា ប្រទេសជប៉ុននិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ ឆ្នាំហើយ ។ ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែក នាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ៕