ក្នុងរយៈពេលជាងមួយឆ្នាំ លោក ម៉ៅ ធនិន ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ បានជាង១ពាន់ករណី

សង្គម​និង​សេដ្ឋកិច្ច

អតីតអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ត្រូវបានគេស្គាល់ថា ជាអភិបាលខេត្តដែលតែង ជួយដោះស្រាយបញ្ហាទំនាស់ផ្សេងៗ លក្ខណៈក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ដូចជាករណី ជម្លោះដីធ្លីរាំរ៉ៃ ជាដើម។ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ផ្ទេរភារកិច្ចអតីតអភិបាលខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកំពត មកលោកបានដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ បានជាង ១ពាន់ករណី ក្នុងរយៈពេលជាង១មួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាល ខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា កន្លងមកបញ្ហាការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ក្នុងខេត្តកំពត បានធ្វើការសម្របសម្រួល បញ្ចប់នូវវិវាទក្រៅ ប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋបានរហូតដល់ ១ ១៥៨ករណី ដោយគិតចាប់ ពីថ្ងៃទី ១៨ តុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

អភិបាលខេត្តកំពត បានលើកឡើងបន្តថា ការដោះស្រាយបញ្ហានេះ ជាការធ្វើឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ មានភាពត្រេកអរ រីករាយជាមួយនឹងការសម្របសម្រួល ក្រោមយន្តការច្បាប់ របស់រាជ រដ្ឋាភិបាលបានដាក់ចុះសម្រាប់ឱ្យអាជ្ញាធរខេត្ត ធ្វើការដោះស្រាយ។

គួរឱ្យដឹងថា ក្រៅពីការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ក្នុងនោះ ក៏បានឧបត្ថម្ភថវិកា និងអង្ករជូនប្រជាពលរដ្ឋក្រីក្របានចំនួន ១៥.៧៨០នាក់ ស្មើនឹង ១.៥៧៥ គ្រួសារ ផងដែរ៕