សម្តេច ហ៊ុន សែន៖ ការលុបអាជ្ញាប័ណ្ណ VOD គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃចន្ទទី២០ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ការផ្សាយវិទ្យុរបស់ VOD កន្លងមកនេះ មានការផ្សាយព័ត៌មានដែលបានលើកឡើងពីបញ្ហាថវិកាថា ឯកឧត្តម ហ៊ុន ម៉ាណែត បានចុះហត្ថលេខាអនុម័តថវិកាផ្តល់ជំនួយដល់ប្រទេសតួគី ដែលនេះជាព័ត៌មានក្លែងក្លាយផ្សព្វផ្សាយញុះញង់នាំអោយមានការបែកបាក់សាមគ្គីជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ឡើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់មានសិទ្ធិអនុម័តថវិកានោះទេ ថែមទាំងមិនដឹងពីរឿងថវិកានេះទៀតផង បែរជាវិទ្យុVOD ដែលទទួលបានជំនួយពីបរទេស ផ្សាយព័ត៌មានក្លែងក្លាយខុសពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាល ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត។

សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះមានចរិតបំបែកបំបាក់សាមគ្គីជាតិ គឺជាទង្វើអសីលធម៌ ខុសច្បាប់ដែលមិនអាចទទួលយកបានជាដាច់ខាត ដែលសម្តេចត្រូវតែប្រើវិធានការច្បាប់ លុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សាយនោះតែម្តង ដើម្បីកុំអោយវិទ្យុមួយនេះ បន្តផ្សាយព័ត៌មានខុសពីការពិតនៅកម្ពុជាបន្តទៀត ពោលគឺជារោងចក្រផលិតព័ត៌មានក្លែងក្លាយ។

បើតាមសម្តេចតេជោ ការលុបអាជ្ញាប័ណ្ណនេះ គឺកម្ពុជា អនុវត្តត្រូវដោយស្របទៅនឹងពិភពលោក បានកំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕