ក្រុមហ៊ុនមួយនៅខេត្តកំពត អាចផលិតសំបក​បាវ​គ្រប់ប្រភេទបានរហូត​១០០លានសន្លឹកក្នុង​មួយឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​ផលិតសំបកបាវ​ចក្រីទីង​ ដែលស្ថិត​នៅក្នុងសួនឧស្សាហកម្ម​ សម្ភារៈ​សំណង់កម្ពុជា​ហ័រស៊ីន ស្ថិតនៅក្នុងស្រុកទឹកឈូ​ ខេត្ត​កំពត​ អាចអាចផលិតសំបកបាវបានរហូត១០០លានសន្លឹកក្នុងមួយឆ្នាំៗ​​។នេះបើតាមដំណើរចុះពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មនៃរោងចក្រផលិតសំបកបាវ​ ចក្រីទីង​កម្ពុជា​ របស់លោក​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ  រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ តំណាងក្រុមហ៊ុនផលិតសំបកបាវ​ចក្រីទីង​ បានឱ្យដឹងថា ​ឧស្សាហកម្ម​សម្ភារៈសំណង់​កម្ពុជា​ហ័រស៊ីន​ មាន​រោងចក្រផលិតស៊ីម៉ងត៍​កម្ពុជាចក្រីទីង, រោងចក្រផលិតសំបកបាវ​ខេម​បូឌា ភែកឃីជីងចក្រីទីង, រោងចក្រផលិតក្ដារ​បន្ទះស្មាត​បតខេម​បូឌា ឌីខ័រ៉េធីវ ប៊ីលឌីង មេធៀរៀល ចក្រីទីង ,រោងចក្រផលិតបេតុងខេមបូឌាន​ ខនគ្រីត ចក្រីទីង។

តំណាងក្រុមហ៊ុនខាងលើបន្តថា ក្រុមហ៊ុន​ខេម​បូឌាន​ ភែក​ឃីជីង​ចក្រីទីង​ បានបង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៨ ដោយមាន​ដើម​ទុន​ចុះ​បញ្ជី​ចំនួន​ ជាង២០លាន​​ដុល្លា​អាមេរិក។​ នៅ​ក្នុង​ខ្សែ​ផលិត​កម្ម​ទីមួយ​ផ្ដោត​សំខាន់​លើ​សំបក​បាវ​ ​ផលិតបាវអ៊ុតកាវ បាវត្បាញប្លាស្ទិក បាវអ៊ុតកាវបាតការ៉េ បាវផ្លាស្ទិក​ក្រដាសអ៊ុតកម្ដៅ ជាទូទៅ​បាវទាំង​នេះ​គេ​យក​ទៅ​ច្រក​ស៊ីម៉ង់ត៍ អាច​ផលិត​បាន​៧០លានសន្លឹកក្នុង​មួយឆ្នាំ។

ដោយឡែក សម្រាប់ឆ្នាំ២០២២ ក្រុម​ហ៊ុន​បាន​ពង្រីក​ផលិត​កម្មបន្ថែម ខណៈនៅ​ក្នុង​ខ្សែ​ផលិត​កម្ម​ទីពីរ​ ក្រុម​ហ៊ុន​បាន​វិនិយោគ​ទុន​បន្ថែម​ចំនួន ៤,៥លាន​​ដុល្លា​អាមេរិក​ ដោយមាន​ផលិត​បាវអង្ករ បាវចំណីសត្វ បាវជី បាវ​សម្រាប់​ច្រក​ចំណីអាហារ មានសមត្ថភាពផលិតប្រចាំឆ្នាំ ៣០លានសន្លឹកក្នុង​មួយ​ឆ្នាំ។​ ដូច្នេះទាំងពីរខ្សែសង្វាក់​ផលិត​កម្ម​អាចផលិតបាន១០០លានស្លឹកក្នុងមួយឆ្នាំ។

ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា រាល់ការផលិតសំបកបាវគ្រប់ប្រភេទ គឺមានឧបករណ៍ទំនើបៗ អាចផលិតសំបកបាវគ្រប់​ប្រភេទបានយ៉ាងប្រណិត មាន​សោភ័ណភាព​ខ្ពស់ និងតម្លៃសមស្របប​តាម​តម្រូវការ​របស់​អតិថិជន សេវាកម្ម​ល្អ មាន​ប្រព័ន្ធ​ពិនិត្យ​គុណភាព ពិនិត្យ​តាំង​ពី​វត្ថុ​ធាតុ​ដើមដល់​សរសៃ​អំបោះ ដល់​សំបកបាវ ​ដែល​អាច​ធានា​ដល់​ការ​រក្សា​​គុណភាព​ភាព​និង​ស្ថេរ​ភាព​ គ្រប់សំបក​បាវទាំងអស់​បាន​ពិនិត្យ​​គុណ​ភាព​មុន​នឹង​បញ្ចេញ​ពី​រោង​ចក្រថែមទៀត។​

គួរបញ្ជាក់ដែរថា នាឱកាសនោះ​ លោក​ ចម​ ប្រសិទ្ធ​ បានវាយតម្លៃ​ខ្ពស់​ចំពោះខ្សែច្រវ៉ាក់ផលិតកម្ម​និងសមត្ថភាពរោងចក្រដែលយើងអាចចាត់ទុកថាទីនេះជា​រោងចក្រ​ដ៏ធំមួយដែលបានផលិតសំបកបាវគ្រប់ប្រភេទ​សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក​។ លោកក៏បានលើកទឹកចិត្តឱ្យផលិតឱ្យបានច្រើនជាងនេះ​ថែមទៀត​ ពីព្រោះ​ដើម្បីបំពេញតម្រូវការ​ និងជំនួសការនាំចូលពីខាងក្រៅ​។

ក្នុង​នោះ លោករដ្ឋមន្រ្តីក៏បានបន្តថា​ សោភ័ណ្ឌ​ភាព​ គុណភាព​ និងអនាម័យ​ន័យសំបកបាវ​ក៏ត្រូវ​មានការយកចិត្តទុកដាក់ខ្ពស់​ផងដែរ ពីព្រោះ​ផលិតផលល្អ​ សំបកវេចខ្ចប់ក៏ត្រូវល្អតាមនោះ ជាពិសេស​សំបកបាវអង្ករខ្មែ​រ​ ដែលយើងត្រូវនាំចេញទៅក្រៅប្រទេស​ ដែលរាជរដ្ឋាភិបាលកំណត់ឲ្យបាន១លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៃការនាំចេញ​។ ដូច្នេះ​វិស័យ​ឯកជន​ ផ្នែកសមាគមម៉ាស៊ីន​កិនស្រូវ​ និងស្រូវអង្ករនៅកម្ពុជា​អាចពិនិត្យលទ្ធភាពបញ្ជាទិញ​ នៅទីផ្សារក្នុងស្រុកយើង​ ដែល​មិនចំណាយពេល​ ឬសោហ៊ុយច្រើនដឹកជញ្ជូន៕

អត្ថបទ៖ ពិសី