ជំងឺ១៤ប្រភេទនេះ រដ្ឋាភិបាលគាំពារកម្មករ កម្មការិនីរហូតដល់ចូលនិវត្តន៍

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលតាមរយៈ ប.ស.ស. នឹងគាំពារកម្មករ កម្មការិនី រហូតដល់ចូលនិវត្តន៍ ខណៈពេលដែលកំពុងបម្រើការងារដល់និយោជកក្នុងប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក សុខ បូរ៉ា ប្រធាននាយកដ្ឋាន ប.ស.ស ក្នុងសិក្ខាសិលាបណ្ដុះបណ្ដាលស្ដីពីរបបសន្តិសុខសង្គម (ប.ស.ស) ជូនដល់សមាជិកអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសិលាក្រោមប្រធានបទ គាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ នេះ លោក សុខ បូរ៉ា បានបង្ហាញថា ជំងឺ១៤ប្រភេទ ដែលរដ្ឋាភិបាលតាមរយៈ ប​.ស.ស. នឹងចេញថ្ងៃព្យាបាលដល់និយោជិតទាំងអស់ដែលបានចុះបញ្ជី ប.ស.ស.។

ជំងឺ១៤ប្រភេទនោះរួមមាន៖ ១. ជំងឺខ្សោយបេះដូង, ២.ជំងឺសាច់ដុំបេះដូង, ៣.ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ ៤, ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ ៥, ជំងឺតំរងនោមរ៉ាំរ៉ៃ ៦, ជំងឺក្រិនថ្លើម ៧, ជំងឺសរសៃឈាមក្រហមបេះដូង ៨, ជំងឺទឹកនោមផ្អែម ប្រភេទទី១និងទី២ ៩, ជំងឺវិបត្តិបេះដូង ១០, ជំងឺក្រិនសរីរាង្គ ១១, ជំងឺវិកលចរិក ១២, ជំងឺលុយពុស ១៣, ជំងឺលើសឈាម និង១៤, ជំងឺតាឡាសសឺមី។

លោក សុខ បូរ៉ា បន្ថែមថា ការព្យាបាលនេះមានវិសាលភាពទៅបានផ្អែកលើគោលការណ៍បីចំណុច គឺ​ ១, កម្មករនិយោជិតនៅក្រោមច្បាប់ស្ដីពីការងារ ២, សហគ្រាសបានចុះបញ្ជីនៅ ប.ស.ស. ៣, សមាជិក ប.ស.ស. ដែលកំពុងទទួលបានប្រាក់ធនលាភដោយការបាត់បង់សមត្ថភាពការងារ អចិន្ត្រៃយ៍ ( ពិការចាប់ពី២០ភាគរយ) ។

ដោយឡែក ប.ស.ស. ក៏មានលក្ខខណ្ឌមួយចំនួនផងដែរក្នុងការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តដូចជា ១,  សហគ្រាសចុះបញ្ជិកាផ្នែកថែទាំសុខភាព ២,​មានប័ណ្ឌសមាជិក ប.ស.ស. ទោះមិនបង់ប្រាក់ខែដំបូង ៣, បង់ភាគទានយ៉ាងតិច៦ខែក្នុង១២ខែចុងក្រោយគិតរហូតដល់ខែមានបញ្ហាសុខភាពឬមាតុភាព ៤, និយោជកបង់២ខែជាប់គ្នា ប៉ុន្តែអស់កាតព្វកិច្ចបង់ភាគទាន សមាជិកនៅមានសិទ្ធប្រើប្រាស់សេវា និងព្យាបាលថែទាំវេជ្ជសាស្រ្តរយៈពេល ២ខែគិតពីកាលបរិច្ឆេតអស់កាតព្វកិច្ចបង់ភាគទាន។ លោក បូរ៉ាបន្ថែម។

គួរបញ្ជាក់ផងដែរថា ប.ស.ស. ផ្នែកថែទាំសុខភាពបានបង្កើតឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។

តាមរយៈគោលនយោបាយនេះ កម្មករនិយោជិតអាចទទួលបាននូវសេវាថែទាំសុខភាព និងត្រូវបានគាំពារពីការរងរបួសនៅកន្លែងធ្វើការ ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។ រហូតមកទល់ពេលនេះ ប.ស.ស. មានមន្ទីពេទ្យជាដៃគូរជិត ២០០០មន្ទីពេទ្យហើយដោយមន្ទីមួយផ្នែកស្ថិតនៅក្រោមក្រសួងសុខាភិបាល ជាង១០០០មន្ទីពេទ្យ រីឯមួយផ្នែកទៀតជាមន្តីពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ជាង៣០០មន្ទីពេទ្យ៕