ទំនប់ទឹកចំនួន២ ក្លាយជាប្រព័ន្ធធារាសាស្ត្រដ៏ធំសម្រាប់ខេត្តឧត្តរមានជ័យ និងខេត្តចំនួន២ ផ្សេងទៀត

សង្គម​និង​សេដ្ឋកិច្ច

ទំនប់ទឹកចំនួន២ ក្លាយជាប្រព័ន្ធធារាសាស្ត្រដ៏សំខាន់សម្រាប់ខេត្តឧត្តរមានជ័យ និងខេត្ត២ ផ្សេងទៀត ខណៈទំនប់ទឹកទាំងនេះ អាចស្តុកទឹកបានរហូតជាង ២១១លានម៉ែត្រគូបផងដែរ។​ នេះបើតាមការឱ្យដឹងពី លោក  ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក  ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តពឹងផ្អែកលើវិស័យសំខាន់ៗចំនួនបី រួមមាន៖ ១. វិស័យកសិកម្ម (ផ្តោតលើ ដំណាំកៅស៊ូ, ស្រូវ, ចេក, ស្វាយចន្ទី, ស្វាយកែវរមៀត និងដំឡូងមី ២.វិស័យរ៉ែ (ផ្ដោតលើរ៉ែមាស រ៉ែត្បូង សំណរ និងរ៉ែធ្យូងថ្ម) និងទី៣. វិស័យទេសចរណ៍ (ផ្ដោតលើទេសចរណ៍ ធម្មជាតិ, ទេសចរណ៍វប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រចំនួន ១៤ ដែលជាកេរ្តិ៍ដំណែល។

ជាមួយគ្នានេះ លោកថា ខេត្តមានប្រព័ន្ធធារាសាស្ត្រធំៗចំនួន២ គឺទំនប់ស្ទឹងស្រែងមួយ និងស្ទឹងស្រែងពីរ ដែលអាចស្តុកទឹកបានប្រមាណជាង ២១១លានម៉ែត្រគូប និងមានវិសាលភាព អាចគ្របដណ្តប់បានចំនួន ២ខេត្តផ្សេងទៀតគឺខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ដូច្នេះថា​៖ «ជាយន្តការគាំទ្រលើវិស័យកសិកម្មនេះ ប្រព័ន្ធធារាសាស្ត្រដ៏ធំខាងលើនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការគាំទ្រវិស័យកសិកម្មរបស់ខេត្តឧត្តរមានជ័យផ្ទាល់ ក៏ដូចជាខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ខណៈទំនប់ទឹកនេះគឺមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធនធានទឹក និងឧត្តុនិយមជាសេនាធិការដ៏ប៉ិនប្រសប់»។

ជាងនេះទៀតលោកថា ក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗទាំងពីរ យើងក៏មានអាងស្តុកទឹក និងទំនប់ស្ទាក់ទឹកជា ច្រើនត្រូវបានសាងសង់រាយប៉ាយតាមបណ្តាភូមិ ឃុំ ក្រុង ស្រុកនានានៅក្នុងខេត្តផងដែរ៕ អត្ថបទ៖ ពិសី