តំណាងក្រុមហ៊ុននាវា MAERSK Cambodia បានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមានលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្ររបស់កម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងស្វែងរកឱកាសសហការរួមគ្នាជាមួយកម្ពុជាផងដែរ។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុននាវា MAERSK ដឹកនាំដោយលោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន(EU-ABC) រួមជាមួយ លោក Rutger Heijsteeg នាយកគ្រប់គ្រងក្រុមហ៊ុន MAERSK Cambodia និងជាអនុប្រធានគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម នៃ EuroCham កាលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.) ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅសំដៅស្វែងរកឱកាសសហប្រតិបត្តិការរួមគ្នានាពេលអនាគត។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីវិសាលភាពនៃវិស័យកំពង់ផែសមុទ្រនៅទូទាំងប្រទេស, វិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ, សមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជូន, និងវិស័យភស្តុភារកម្ម ដែលវិស័យទាំងអស់នេះមានអំណោយផលទៅវិញទៅមក និងចូលរួមជំរុញឱ្យវិស័យកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅកម្ពុជាកាន់តែមានសក្តានុពលខ្ពស់ថែមមួយកម្រិតទៀត។

ជុំវិញរឿងនេះ តំណាងក្រុមហ៊ុន MAERSK Cambodia ក៏បានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន និងជំនឿចិត្តខ្ពស់ចំពោះសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាវិស័យកំពង់ផែ និងវិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្ររបស់កម្ពុជាទាំងមូលផងដែរ។
សូមជម្រាបថា តាមរយៈជំនួបនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញក្តីរំពឹងថា គណៈប្រតិភូដែលបានចូលរួម នឹងផ្សព្វផ្សាយបន្តអំពីបទពិសោធន៍ល្អៗជុំវិញបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕អត្ថបទ៖ហ្សាលីន



