តុលាការអាមេរិក រារាំងផែនការពន្ធគយរបស់លោក ត្រាំ ដោយសារធ្វើលើសពីសិទ្ធិអំណាច

អន្តរជាតិ

តុលាការអាមេរិក ទើបតែចេញសម្រេចមួយ ដើម្បីរារាំងផែនការរបស់ប្រធានាធាធិបតីលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធគយទៅវិញទៅមក ដោយរកឃើញថាលោកបានធ្វើលើសពីសិទ្ធិអំណាចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៨ ខែឧសភា តុលាការពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុង Manhattan បានចេញសេចក្តីសម្រេចរារាំងទៅលើផែនការយកពន្ធរបស់លោក ត្រាំ ដោយ​បាន​បញ្ជាក់​ថា ក្រោម​រដ្ឋធម្មនុញ្ញ​អាមេរិក សភា​មាន​អំណាច​គ្រប់គ្រង​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​បរទេស។ ហើយអំណាច​នេះ ​នឹង​មិន​ត្រូវ​ត្រួតត្រា​ដោយ​អំណាច​របស់​ប្រធានាធិបតី​បាននោះ​ឡើយ។

ចៅក្រមបាននិយាយថា ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់ឆ្នាំ១៩៧៧ (IEEPA) ដែលលោក ត្រាំ ធ្លាប់លើកយកមកអះអាង តាមពិតមិនបានផ្តល់ឲ្យលោកនូវអំណាច ក្នុងការដាក់ចេញផែនការពន្ធទៅវិញទៅមកនេះ នោះទេ។ ចៅក្រម បាននិយាយទៀតថា បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ហាក់លើសពីសិទ្ធិអំណាចដែល IEEPA ផ្តល់ឲ្យប្រធានាធិបតី ដើម្បីគ្រប់គ្រងការនាំចូលតាមរយៈពន្ធគយ។

ទន្ទឹមនឹងនេះ ចៅក្រមបានផ្តល់ពេល ១០ថ្ងៃដល់រដ្ឋបាល ត្រាំ ដើម្បីចេញបទបញ្ជាថ្មី ដែលត្រូវតែអនុលោមទៅតាមបម្រាមរបស់តុលាការ។ ប៉ុន្មាន​នាទី​ក្រោយ​មក រដ្ឋបាល ត្រាំ ​បាន​ប្តឹងឧទ្ធរណ៍ និង​ចោទសួរ​​ពីដែន​សមត្ថកិច្ច​របស់​តុលាការវិញ។

ជម្រាបជូនផងដែរថា ជុំវិញបណ្តឹងចុងក្រោយនេះ គឺជាបញ្ហាប្រឈមផ្លូវច្បាប់មួយក្នុងចំណោមបញ្ហាប្រឈមផ្លូវច្បាប់ចំនួនប្រាំពីរផ្សេងទៀត ដែលបានប្រឆាំងទៅនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ រួមជាមួយនឹងបណ្តឹងពីរដ្ឋចំនួន ១៣ របស់សហរដ្ឋអាមេរិក និងក្រុមអាជីវកម្មខ្នាតតូចជាច្រើនទៀត៕