Tesla ប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាសធំបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជាង ១០ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិក Tesla ថ្មីៗនេះ​ បានរាយការណ៍ពីការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួន​ ក្នុងរយ:ពេលជាងមួយទសវត្សចុងក្រោយនេះ ដោយសារតែសកម្មភាពនយោបានរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Elon Musk ដែលធ្វើឲ្យប្រជាប្រិយភាពក្រុមហ៊ុនថយចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Tesla បានរាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួន បានធ្លាក់ចុះដល់ ២២,៥ពាន់លានដុល្លារ សម្រាប់ត្រីមាស​ រាប់ពីខែមេសា ដល់ខែមិថុនា ពីចំនួន ២៥,៥ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រា ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

នៅក្នុងចំណោមនោះ​ ប្រាក់ចំណូលដែលបានពីការលក់រថយន្តអគ្គិសនី បានធ្លាក់ចុះអស់ ១៦%។ Tesla បានសន្មត់ថា ការធ្លាក់ចុះយ៉ាងកំហុគនៃប្រាក់ចំណូលរបស់ខ្លួននេះ​ គឺបានកើតឡើងដោយសារតែការធ្លាក់ចុះនៃការលក់រថយន្ត បន្ទាប់ពីការលក់របស់ Tesla បានធ្លាក់ចុះអស់ ១៤% នៅក្នុងត្រីមាសទី២ ។

ជម្រាបជូនផងដែរថា ក្រុមវិនិយោគិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញមហាសេដ្ឋី Elon Musk ថាអាចនឹងផ្តល់ពេលវេលា និងការយកចិត្តទុកដាក់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន Tesla ឡើងវិញដែរឬទេ បន្ទាប់ពីបានចូលប្រឡូកក្នុងឆាកនយោបាយ ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ​ ហើយថែមទាំងបានប្រកាសពីគោលបំណងបង្កើតបក្សថ្មី នៅក្នុងខែនេះ ទៀតផង៕​