ក្រុមហ៊ុននាំចេញ និងអាជីវកម្មតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមមុខទៅនឹងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ា បានប្រកាសបិទស្ពានព្រំដែនមិត្តភាពថៃ-មីយ៉ាន់ម៉ាទីពីរ ភ្លាមៗ ដោយមិនបានជូនដំណឹងទុកជាមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Strait Times។

ជុំវិញការបិទព្រំដែនភ្លាមៗនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យប៉ះពាល់យ៉ងខ្លាំង ដល់លំហូរនៃការនាំចេញទំនិញរបស់ប្រទេសថៃ និងកំពុងគំរាមកំហែងដល់ពាណិជ្ជកម្ម ដែលមានតម្លៃប្រមាណ ១៣០ពាន់លានបាត ឬស្មើទៅនឹងជាង ៤ពាន់លានដុល្លារ។
គួរឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា មន្ត្រីនៅស្រុក Myawaddy រដ្ឋ Kayin ដែលជាប់ព្រំដែនជាមួយស្រុក Mae Sot ប្រទេសថៃ បានសម្រេចបិទច្រកព្រំដែនទាំងស្រុកដោយមិនបានផ្តល់ដំណឹងទុកមុន និងបានធ្វើឲ្យរថយន្តដឹកទំនិញជាច្រើនរយគ្រឿង ជាប់គាំង។
យ៉ាងណាមិញ យោងតាមរបាយការណ៍ បានឲ្យដឹងថាបទបញ្ជាបិទព្រំដែននេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទីក្រុង Naypyidaw ដែលជាផ្នែកមួយនៃការបង្ក្រាប ក្នុងគោលបំនងបង្វែរប្រាក់ចំណេញាណិជ្ជកម្មតាមព្រំដែន ទៅកាន់រដ្ឋាភិបាលកណ្តាល។
អស់ជាច្រើនឆ្នាំមកនេះ ផ្នែកដ៏សំខាន់នៃប្រាក់ចំណូលនៅតាមព្រំដែននេះបានផ្ដល់ផលប្រយោជន៍ដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន រួមទាំងកងកម្លាំងការពារព្រំដែន (BGF) ដែលជាកម្លាំងយោធាលេចធ្លោនៅក្នុងតំបន់។ ឥឡូវនេះរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងស្វែងរកការបង្កើតការគ្រប់គ្រងឡើងវិញ និងបង្កើនប្រាក់ចំណូលរបស់ខ្លួន។
ជម្រាបជូនថា សម្រាប់ឆ្នាំសារពើពន្ធ២០២៥ តម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ឈានដល់ ១៣៨,៦ពាន់លានបាត កើនឡើង ៧៨,៩៤% ពីឆ្នាំ២០២៤។ ទំនិញសំខាន់ៗនាំចេញពីប្រទេសថៃ រួមមានទូរសព្ទដៃ និងគ្រឿងបន្លាស់ ម៉ូតូ និងប្រេងដូង ខណៈការនាំចូលពីប្រទេសមីយ៉ាន់ម៉ា ភាគច្រើនជារ៉ែ antimony បន្ទាប់មកគឺម្ទេសស្ងួត និងស្រស់៕

