ថៃ​ ប្រឈមមុខខាតបង់ជាង ៤ពាន់លានដុល្លារ ក្រោយមីយ៉ាន់ម៉ា បិទព្រំដែនសំខាន់

អន្តរជាតិ

ក្រុមហ៊ុននាំចេញ និងអាជីវកម្មតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងប្រឈមមុខទៅនឹងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធរមីយ៉ាន់ម៉ា បានប្រកាសបិទស្ពានព្រំដែនមិត្តភាពថៃ-មីយ៉ាន់ម៉ាទីពីរ ភ្លាមៗ ដោយមិនបានជូនដំណឹងទុកជាមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Strait Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការបិទព្រំដែនភ្លាមៗនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យប៉ះពាល់យ៉ងខ្លាំង ដល់លំហូរនៃការនាំចេញទំនិញរបស់ប្រទេសថៃ និងកំពុងគំរាមកំហែងដល់ពាណិជ្ជកម្ម ដែលមានតម្លៃប្រមាណ ១៣០ពាន់លានបាត ឬស្មើទៅនឹងជាង ៤ពាន់លានដុល្លារ។

គួរឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា មន្ត្រីនៅស្រុក Myawaddy រដ្ឋ Kayin ដែលជាប់ព្រំដែនជាមួយស្រុក Mae Sot ប្រទេសថៃ បានសម្រេចបិទច្រកព្រំដែនទាំងស្រុកដោយមិនបានផ្តល់ដំណឹងទុកមុន និងបានធ្វើឲ្យរថយន្តដឹកទំនិញជាច្រើនរយគ្រឿង ជាប់គាំង។

យ៉ាងណាមិញ​ យោងតាមរបាយការណ៍ បានឲ្យដឹងថាបទបញ្ជាបិទព្រំដែននេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទីក្រុង Naypyidaw ដែលជាផ្នែកមួយនៃការបង្ក្រាប ក្នុងគោលបំនងបង្វែរប្រាក់ចំណេញាណិជ្ជកម្មតាមព្រំដែន ទៅកាន់រដ្ឋាភិបាលកណ្តាល។

អស់ជាច្រើនឆ្នាំមកនេះ ផ្នែកដ៏សំខាន់នៃប្រាក់ចំណូលនៅតាមព្រំដែននេះបានផ្ដល់ផលប្រយោជន៍ដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន រួមទាំងកងកម្លាំងការពារព្រំដែន (BGF) ដែលជាកម្លាំងយោធាលេចធ្លោនៅក្នុងតំបន់។ ឥឡូវនេះរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងស្វែងរកការបង្កើតការគ្រប់គ្រងឡើងវិញ និងបង្កើនប្រាក់ចំណូលរបស់ខ្លួន។

ជម្រាបជូនថា សម្រាប់ឆ្នាំសារពើពន្ធ២០២៥ តម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ ឈានដល់ ១៣៨,៦ពាន់លានបាត កើនឡើង ៧៨,៩៤%​ ពីឆ្នាំ២០២៤។ ទំនិញសំខាន់ៗនាំចេញពីប្រទេសថៃ រួមមាន​ទូរសព្ទដៃ និងគ្រឿងបន្លាស់ ម៉ូតូ និងប្រេងដូង ខណៈការនាំចូលពីប្រទេសមីយ៉ាន់ម៉ា ភាគច្រើនជារ៉ែ antimony បន្ទាប់មកគឺម្ទេសស្ងួត និងស្រស់៕​