គិតចាប់ពីរំលងអាធ្រាត្រថ្ងៃទី២៥ ខែកញ្ញា រហូតដល់ម៉ោង ៥ល្ងាច កងកម្លាំងកម្ពុជាបានឮស្នូរផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃប្រមាណ៣៨គ្រាប់

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គិតចាប់ពីរំលងអាធ្រាត្រថ្ងៃទី២៥ ខែកញ្ញា រហូតដល់ម៉ោង ៥ល្ងាច កងកម្លាំងកម្ពុជាបានឮស្នូរផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃប្រមាណ ៣៣ ឬ៣៨គ្រាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់បែបនេះរបស់ក្រសួងការពារជាតិ ធ្វើឡើងក្រោយពីផេកផ្លូវការរបស់កងទ័ពជើងគោកថៃ  និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

ជុំវិញរឿងនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា បើយោងតាមការបញ្ជក់ពីកងកម្លាំងរបស់កម្ពុជាយើងដែលឈរជើងនៅជួរមុខបានឱ្យដឹងថា៖

  • នៅវេលាម៉ោង ២:៥៧ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃចំនួនមួយគ្រាប់
  • នៅវេលាម៉ោង ៥:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃចំនួនមួយគ្រាប់
  • នៅវេលាម៉ោង ៦:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃចំនួនមួយគ្រាប់
  • នៅវេលាម៉ោង ៧:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃចំនួនមួយគ្រាប់
  • នៅវេលាម៉ោង ១១:២៥ នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្រ្ដជប់តាប្រិ ចំនួនមួយគ្រាប់
  • នៅវេលាម៉ោង ១៦:៤៨ នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្រ្ដច្រកអានសេះ ចំនួនបីគ្រាប់
  • ពីម៉ោង ១៦:៤៨ នាទី ដល់ម៉ោង​១៧:០០នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្រ្ដព្រលានថ្ម បុស្សស្បូវ ជាំតែ ប្រហែលចំនួន២៥គ្រាប់ ទៅ៣០គ្រាប់

បើសរុបការផ្ទុះការបាញ់កាំភ្លើងនេះពីភាគីថៃ គិតចាប់ពីរំលងអាធ្រាត្រថ្ងៃទី២៥ ខែកញ្ញា រហូតដល់ម៉ោង ៥ល្ងាច គឺមានប្រហែលជា ៣៣ ទៅ៣៨គ្រាប់។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា កងកម្លាំងរបស់កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕