យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គិតចាប់ពីរំលងអាធ្រាត្រថ្ងៃទី២៥ ខែកញ្ញា រហូតដល់ម៉ោង ៥ល្ងាច កងកម្លាំងកម្ពុជាបានឮស្នូរផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃប្រមាណ ៣៣ ឬ៣៨គ្រាប់។

ការបញ្ជាក់បែបនេះរបស់ក្រសួងការពារជាតិ ធ្វើឡើងក្រោយពីផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។
ជុំវិញរឿងនេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា បើយោងតាមការបញ្ជក់ពីកងកម្លាំងរបស់កម្ពុជាយើងដែលឈរជើងនៅជួរមុខបានឱ្យដឹងថា៖
- នៅវេលាម៉ោង ២:៥៧ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃចំនួនមួយគ្រាប់
- នៅវេលាម៉ោង ៥:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃចំនួនមួយគ្រាប់
- នៅវេលាម៉ោង ៦:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃចំនួនមួយគ្រាប់
- នៅវេលាម៉ោង ៧:០០ នាទីព្រឹក មានផ្ទុះការបាញ់កាំភ្លើងនៅខាងភាគីថៃចំនួនមួយគ្រាប់
- នៅវេលាម៉ោង ១១:២៥ នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្រ្ដជប់តាប្រិ ចំនួនមួយគ្រាប់
- នៅវេលាម៉ោង ១៦:៤៨ នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្រ្ដច្រកអានសេះ ចំនួនបីគ្រាប់
- ពីម៉ោង ១៦:៤៨ នាទី ដល់ម៉ោង១៧:០០នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្រ្ដព្រលានថ្ម បុស្សស្បូវ ជាំតែ ប្រហែលចំនួន២៥គ្រាប់ ទៅ៣០គ្រាប់
បើសរុបការផ្ទុះការបាញ់កាំភ្លើងនេះពីភាគីថៃ គិតចាប់ពីរំលងអាធ្រាត្រថ្ងៃទី២៥ ខែកញ្ញា រហូតដល់ម៉ោង ៥ល្ងាច គឺមានប្រហែលជា ៣៣ ទៅ៣៨គ្រាប់។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា កងកម្លាំងរបស់កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕



