ស្ត្រីជនជាតិវេណេស៊ុយអេឡា​ ឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ឆ្នាំ២០២៥

អន្តរជាតិ

គណៈកម្មធិការណូបែល បានប្រកាសនៅថ្ងៃទី១០ ខែតុលានេះថា សកម្មជននយោបាយប្រឆាំងរបស់វេណេស៊ុយអេឡា គឺលោកស្រី Maria Corina Machado គឺជាអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Jorgen Watne Frydnes ប្រធានគណៈកម្មាធិការណូបែលន័រវេស បាននិយាយនៅថ្ងៃនេះថា លោកស្រី​ Maria Corina Machado មេដឹកនាំបក្សប្រឆាំងនៅវេណេស៊ុយអេឡា បានឈ្នះរង្វាន់ណូបែលសន្តិភាព សម្រាប់ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនវេណេស៊ុយអេឡា និងតស៊ូដើម្បីការផ្លាស់ប្តូរដោយយុត្តិធម៌ និងសន្តិភាពទៅកាន់លទ្ធិប្រជាធិបតេយ្យ” ។

គួរឲ្យដឹងថា លោកស្រី​ Machado ធ្លាប់ជាសមាជិកសភាប្រទេសវេណេហ្ស៊ុយអេឡាចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៤ ប៉ុន្តែត្រូវបានដកចេញពីតំណែងសមាជិកភាពសភានៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីនិយាយអំពីសិទ្ធិមនុស្សនៅវេណេស៊ុយអេឡានៅចំពោះមុខអង្គការរដ្ឋអាមេរិក។

លោកស្រី Machado បានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំកងកម្លាំងប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយអេឡា។ នៅឆ្នាំ២០២៣ លោកស្រីបានប្រកាសជាបេក្ខភាពប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ប៉ុន្តែត្រូវបានដកហូតសិទ្ធិដោយរដ្ឋាភិបាលវេណេស៊ុយអេឡា។

យោងតាមគណៈកម្មាធិការណូបែលន័រវេសបាននិយាយថា លោកស្រី Machado​ ជាមនុស្សស័ក្តិសមបំផុតក្នុងការឈ្នះពានរង្វាន់នេះ ដោយសារលោកស្រីជាគំរូដ៏អស្ចារ្យបំផុតមួយនៃភាពក្លាហានរបស់មនុស្សនៅអាមេរិកឡាទីន។​

ជម្រាបជូនផងដែរថា​ បេក្ខជនសរុបចំនួន ៣៣៨ នាក់ រួមទាំងបុគ្គលចំនួន ២៤៤ និងអង្គការចំនួន ៩៤ ត្រូវបានតែងតាំងជាបេក្ខភាពសម្រាប់ឈ្នះពានរង្វាន់ណូបែលនៅឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីបេក្ខជនសរុបត្រឹម ២៨៦ នាក់ ក្នុងឆ្នាំ២០២៤៕​