គណៈកម្មធិការណូបែល បានប្រកាសនៅថ្ងៃទី១០ ខែតុលានេះថា សកម្មជននយោបាយប្រឆាំងរបស់វេណេស៊ុយអេឡា គឺលោកស្រី Maria Corina Machado គឺជាអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Jorgen Watne Frydnes ប្រធានគណៈកម្មាធិការណូបែលន័រវេស បាននិយាយនៅថ្ងៃនេះថា លោកស្រី Maria Corina Machado មេដឹកនាំបក្សប្រឆាំងនៅវេណេស៊ុយអេឡា បានឈ្នះរង្វាន់ណូបែលសន្តិភាព សម្រាប់ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់លោកស្រី ក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនវេណេស៊ុយអេឡា និងតស៊ូដើម្បីការផ្លាស់ប្តូរដោយយុត្តិធម៌ និងសន្តិភាពទៅកាន់លទ្ធិប្រជាធិបតេយ្យ” ។
គួរឲ្យដឹងថា លោកស្រី Machado ធ្លាប់ជាសមាជិកសភាប្រទេសវេណេហ្ស៊ុយអេឡាចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៤ ប៉ុន្តែត្រូវបានដកចេញពីតំណែងសមាជិកភាពសភានៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីនិយាយអំពីសិទ្ធិមនុស្សនៅវេណេស៊ុយអេឡានៅចំពោះមុខអង្គការរដ្ឋអាមេរិក។
លោកស្រី Machado បានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំកងកម្លាំងប្រឆាំងនៅក្នុងប្រទេសវេណេស៊ុយអេឡា។ នៅឆ្នាំ២០២៣ លោកស្រីបានប្រកាសជាបេក្ខភាពប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ប៉ុន្តែត្រូវបានដកហូតសិទ្ធិដោយរដ្ឋាភិបាលវេណេស៊ុយអេឡា។
យោងតាមគណៈកម្មាធិការណូបែលន័រវេសបាននិយាយថា លោកស្រី Machado ជាមនុស្សស័ក្តិសមបំផុតក្នុងការឈ្នះពានរង្វាន់នេះ ដោយសារលោកស្រីជាគំរូដ៏អស្ចារ្យបំផុតមួយនៃភាពក្លាហានរបស់មនុស្សនៅអាមេរិកឡាទីន។
ជម្រាបជូនផងដែរថា បេក្ខជនសរុបចំនួន ៣៣៨ នាក់ រួមទាំងបុគ្គលចំនួន ២៤៤ និងអង្គការចំនួន ៩៤ ត្រូវបានតែងតាំងជាបេក្ខភាពសម្រាប់ឈ្នះពានរង្វាន់ណូបែលនៅឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីបេក្ខជនសរុបត្រឹម ២៨៦ នាក់ ក្នុងឆ្នាំ២០២៤៕

