ក្រុមហ៊ុន Shenzhen Jintong ដែលជាក្រុមហ៊ុនមកពីប្រទេសចិន បានបង្ហាញពីគោលបំណងស្វែងយល់អំពី ឱកាសវិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា។

ការបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន នៅក្នុងជំនួបរវាង លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយ គណៈប្រតិភូក្រុមហ៊ុន ដឹកនាំដោយលោក សេង ញ៉ក់ សមាជិកសភា និងជាតំណាងអ្នកវិនិយោគ ព្រមទាំងមានការចូលរួមដោយ លោក សូ ហ្វង់ ទីប្រឹក្សាលោក អ៊ុច បូររិទ្ធ លោក យ៉ង លីវ ប្រធានក្រុមហ៊ុនShenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្ររួមជាមួយក្រុមការងារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុនShenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្ររួមជាមួយក្រុមការងារ បានបង្ហាញពីគោលបំណងរបស់ខ្លួន ដោយចង់ស្វែងយល់អំពី ឱកាសវិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា។
លោក សេង ញ៉ក់ បានជម្រាបថា គណៈប្រតិភូដែលបានមកនាពេលនេះ ត្រូវបាននាំមកក្នុងគោលបំណងសិក្សាស្វែងយល់អំពីបរិបទ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាផ្នែកមួយនៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតប លោក ឈាង រ៉ា បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលសូមស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យសុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់ និងស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង៕



