នៅដើមឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជា-អង់គ្លេស នឹងរួមគ្នារៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគលើកទី៣ (3rd JTIF) ដើម្បីទាក់ទាញកំណើនពាណិជ្ជកម្ម និងការវិនិយោគ សំដៅឈានទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោកស្រី Abigail Fryer អនុប្រធានបេសកកម្មនៃស្ថានទូតច្រកភពអង់គ្លេសប្រចាំកម្ពុជា និង លោក Stewart Clayton ប្រធានទទួលបន្ទុកការងារពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជំនាញនៃស្ថានទូត កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានឱយដឹងថា ជំនួបពិភាក្សានេះ គឺធ្វើឡើងក្នុងគោលបំណងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ក្រសួងពាណិជ្ជកម្ម បន្ថែមថា នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងសេដ្ឋកិច្ចបៃតង ព្រមជាមួយការត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣ (3rd JTIF) ដែលគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៦ ខាងមុខ។
សូមរម្លឹកដែរថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ការដោះដូរទំនិញកម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៤២ ពាន់លានដុល្លារ កើនឡើង ១៥,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជិត ៣៦,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយកាលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ៕ អត្ថបទ៖ហ្សាលីន




