កម្ពុជា-អង់គ្លេស នឹងរួមគ្នារៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគលើកទី៣ នៅដើមឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

នៅដើមឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជា-អង់គ្លេស នឹងរួមគ្នារៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគលើកទី៣ (3rd JTIF) ដើម្បីទាក់ទាញកំណើនពាណិជ្ជកម្ម និងការវិនិយោគ សំដៅឈានទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោកស្រី Abigail Fryer អនុប្រធានបេសកកម្មនៃស្ថានទូតច្រកភពអង់គ្លេសប្រចាំកម្ពុជា និង លោក Stewart Clayton ប្រធានទទួលបន្ទុកការងារពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជំនាញនៃស្ថានទូត កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានឱយដឹងថា ជំនួបពិភាក្សានេះ គឺធ្វើឡើងក្នុងគោលបំណងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

ក្រសួងពាណិជ្ជកម្ម បន្ថែមថា នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចក្រភពអង់គ្លេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និងសេដ្ឋកិច្ចបៃតង ព្រមជាមួយការត្រៀមរៀបចំវេទិកាពាណិជ្ជកម្ម និងនិវិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣ (3rd JTIF) ដែលគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៦ ខាងមុខ។

សូមរម្លឹកដែរថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​សីហា​ ឆ្នាំ ២០២៥ ការ​ដោះដូរ​ទំនិញ​កម្ពុជា​ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង​ ៤២ ពាន់លានដុល្លារ ​កើនឡើង ១៥,៥% ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន ដែល​មានទំហំជិត ៣៦,៥ ពាន់​លានដុល្លារ។​​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(GDCE) ចេញផ្សាយកាលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ៕ អត្ថបទ៖ហ្សាលីន