លោក គួច វែងស្រ៊ុន គូសបញ្ជាក់ពីភាពមមាញឹកមួយរយលានជំពូករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការជាតិ​ កិច្ចការទូត​ កិច្ចការធានាឈានទៅសម្រេចសន្តិភាពពេញលេញ

សង្គម​ និង​សេដ្ឋកិច្ច

លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ពីភាពមមាញឹកមួយរយលានជំពូករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លើកិច្ចការជាតិ​ កិច្ចការទូត​ កិច្ចការធានាឈានទៅសម្រេចសន្តិភាពពេញលេញ កិច្ចការស្តារឡើ ងវិញ​ និងព្យាយាមគ្រប់បែបយ៉ាងដើម្បីការពារជីវិត​កងទ័ព​ ជនស៊ីវិល​ និងដំណើរការប្រក្រតីភាពនៃប្រទេសទាំងមូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គួច វែងស្រ៊ុន បានលើកឡើងដោយមានខ្លឹមសារទាំងស្រុងថា៖ «បងប្អូនមួយភាគធំ​ និងបណ្តាញសង្គមពេលនេះ​ កំពុងជជែកច្រើនលើប្រធានបទក្តៅ​ ក្រោយអនុវត្តបទឈប់បាញ់​ តែពួកគាត់ទាំងពីរនេះ​ មិនទាន់បានសម្រាកសោះឡើយ។

ស្ត្រីទីមួយយកចិត្តទុកដាក់ជាប្រចាំវីរកងទ័ពទាំងពលី​ កំពុងសម្រាកព្យាបាល​ ព្រមទាំងជនភៀសសឹក​ ហើយនឹងកិច្ចការមនុស្សធម៌ជាច្រើនផងដែរ។ ជាមួយនេះសម្តេចធិបតី​ មមាញឹកមួយរយលានជំពូកលើកិច្ចការជាតិ​ កិច្ចការទូត​ កិច្ចការធានាឈានទៅសម្រេចសន្តិភាពពេញលេញ​ កិច្ចការស្តារឡើងវិញ​ និងព្យាយាមគ្រប់បែបយ៉ាងដើម្បីការពារជីវិត​កងទ័ព​ ជនស៊ីវិល​ និងដំណើរការប្រក្រតីភាពនៃប្រទេសទាំងមូល។

បងប្អូនមានសិទ្ធិបារម្ភ​ ការយកចិត្តទុកដាក់​ គិតគូរ​ តែសូមមេត្តាទុកពេលជូនរាជរដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​ ដែលកំពុងមមាញឹកយ៉ាងខ្លាំងគ្មានឈប់ឈរទៅតាមនីតិវិធី​ច្បាប់​ និងគ្រប់យន្តការតាមដែលអាចធ្វើទៅបាន។ សូមបងប្អូនមេត្តាចងចាំថា​ ចោរបើគេតាំងចិត្តលួចយើង​ គេតាមយាយី​ រៀបចំផែនការសកម្មភាព​ និងមិនដែលទុកឱ្យយើងរស់បានស្រួលមួយថ្ងៃមួយនាទីណាឡើយ​ ពិសេសគ្រប់មធ្យោបាយ។

យុទ្ធសាស្ត្រ​បំបែកបំបាក់​ សាមគ្គី​ ការជឿជាក់​ តាមរយ:កម្រងរូបភាពដ៏ឈឺចាប់ជាច្រើនដែលបងប្អូនកំពុងឃើញ​ គេកំពុងធ្វើ​ គឺបានចាប់ផ្តើមរុញឱ្យបងប្អូនយើងមានមន្ទិលសង្ស័យ​ ពិតដូចពិត​ មិនពិតដូចពិត​ រួចបង្កើនចិត្តរួញរា​ យកការឈឺចាប់មកផ្អាកការជឿ​ យកភាពគគ្លើនមករុញបងប្អូនចាកឆ្ងាយពីរាជរដ្ឋាភិបាល​ និងថ្នាក់ដឹកនាំ។ ទាំងនេះ​ គឺជាចេតនាយ៉ាងជាក់ស្តែងដែលបងប្អូនបានឃើញ​ ហើយក៏បានរួមគ្នាពេលគេធ្វើទាំងមុនសង្គ្រាម​ កំឡុងសង្គ្រាម​ ពិសេសពេលនេះតែម្តង។

យន្តការច្បាប់​ និងអន្តរជាតិយើងបានធ្វើ កំពុងធ្វើ តែលទ្ធផលមិនមែនត្រឹមប៉ុន្មានថ្ងៃសម្រេចចេញរូបរាងនោះទេ​ ពិភពលោកពេលនេះ​ កំពុងស្ថិតក្នុងចលាចល​ សង្គ្រាម​ទាំងពីរលើក​ គឺបានបង្រៀនច្រើនសមល្មម​ ដែលត្រូវច្បាស់ថា​ គ្មាននរណាមកជួយយើងជាងយើងរួមគ្នាជាធ្លុងមួយជានិច្ច​ និងគ្រប់ពេលនោះទេ​ ពិសេសស្ថិតក្នុងដំណាក់កាលដ៏មហាលំបាកថ្ងៃនេះ។ យើងមិនត្រឹមតែកំពុងស្ថិតក្នុងអន្តរការនៃសង្គ្រាម​ តែយើងក៏កំពុងប្រឈមនឹងសេដ្ឋកិច្ច​ ដំណើរការនៃជីវភាពប្រជាជនទូទាំងប្រទេស​ ដែលនឹងត្រូវខិតខំរួមគ្នាចាប់ផ្តើមរស់នឹងបរិបទថ្មី​ ការពង្រឹងចលនាជាតិនិយម​ លើកកម្ពស់ផលិតផលជាតិ​ ពង្រឹងគុណភាពដើម្បីធានាការប្រកួតប្រជែងជាដើម។

ជាចុងក្រោយ​ សូមបងប្អូនមេត្តារក្សាបានស្មារតីជាតិនិយម​ ស្មារតីខ្មែរតែមួយ​ អត់ធ្មត់​ ទ្រាំ​ សាមគ្គី​ និងជឿជាក់លើរាជរដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​ ពិសេសវីរភាពនៃសាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពយើង​ ដែលបានពលី​ និងលះបង់ដើម្បីបុព្វេហេតុជូនជាតិ​ និងប្រជាជនដ៏កម្សត់របស់យើង»៕