ធនាគារព្រីនស៍ ម.ក ត្រូវបានធនាគារជាតិនៃកម្ពុជាដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដោយធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អឹមទេអេ អឌិត-អ៊ីខោនចឹង ឯ.ក (Morisonkak MKA audit- accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។

យោងតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អឹមខេអេ អនីត-អ៊ីខោនពឹង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។
ធនាគារជាតិបានបន្ថែមថា ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
សូមបញ្ជាក់ថា ការសម្រេចដាក់ឱ្យជម្រះបញ្ជីធនាគារព្រីនស៍ ម.ក បន្ទាប់ពីពេលថ្មីៗនេះ សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ចំនួន៣នាក់ រួមមាន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ព្រមទាំងពលរដ្ឋចិន២រូបទៀត។ ការចាប់ខ្លួននេះគឺមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្រោយសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ៕

