អ្នកឧកញ៉ា គិត ម៉េង ចែករំលែកបទពិសោធន៍ ៥ចំណុច ដែលជាការចំណាយត្រូវតែកែប្រែ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា ការបាត់បង់ហិរញ្ញវត្ថុ ឬវិបត្តិហិរញ្ញវត្ថុ ដែលអ្នកជួបនៅអាយុ៥០ឆ្នាំ មិនមែនកើតទ្បើងមួយរំពេចនោះទេ។ ការណ៍​នេះ​កើតទ្បើងបន្តិចម្តងៗដោយសារទម្លាប់ចាយវាយដោយប្រមាទរយៈពេលច្រើនឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ាប្រធាន បានចែករំលែក​បទ​ពិសោធន៍ពីការចំណាយ​ដែល​ត្រូវ​កែប្រែ ចំនួន ៥ចំណុចដូចខាងក្រោម៖

១. ចំណាយតែម្តងគត់៖ ជារឿយៗ “ការចំណាយតែម្តងគត់”នេះនាំឲ្យមានការចំណាយថែមទៀតនៅពេលក្រោយ។ យើងគួរសួរខ្លួនយើងថា៖ “តើការចាយវាយបែបនេះនឹងផ្តល់ផលប៉ះពាល់អ្វីខ្លះ លើហិរញ្ញវត្ថុរបស់ខ្ញុំ​សម្រាប់​រយៈពេល​យូរ?” 

២. បែបផែនជីវិត៖ នៅពេលអ្នករកប្រាក់បានច្រើន ប៉ុន្តែប្រាក់សន្សំរបស់អ្នកបែរជានៅដដែល ឬតិចជាងមុន។ អ្នក​បរិភោគអាហារក្រៅផ្ទះច្រើនជាងមុន ដ្បិតចំណូលរបស់អ្នកកើនទ្បើង។ តើត្រូវដោះស្រាយបញ្ហានេះដូចម្តេច? យើង​ត្រូវដាក់ប្រាក់សន្សំជាស្វ័យប្រវត្តិ មុននឹងចំណាយផ្សេងៗ។

៣. យកពេលទំនេរធ្វើសកម្មភាពមិនផ្តល់ផលដល់អ្នក៖ ខ្ជះខ្ជាយពេលវេលាមើលទូរសព្ទ ឬទូរទស្សន៍ ដោយមិន​យកពេលទំនេររៀនយកពុទ្ធិ ឬធ្វើកិច្ចការណាមួយដែលផ្តល់កម្រៃ។ សូមប្រើពេល ១ ឬ២ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីកសាងជំនាញ ឬរកប្រាក់បន្ថែម។

៤. ផ្តល់រង្វាន់ដល់ខ្លួនឯងច្រើនពេក៖ ផ្នត់គំនិតនៃការផ្តល់រង្វាន់នេះគឺជារឿងប្រពៃសម្រាប់ការលើកទឹកចិត្តខ្លួនឯង ប៉ុន្តែត្រូវមានតុល្យការ។ កុំលង់គំនិតថា “ខ្ញុំសន្សំបាន១០ដុល្លារ ដូច្នេះខ្ញុំនឹងចំណាយ៥០ដុល្លារ​ដើម្បីអបអរ​ដល់ខ្លួន​ឯង!” សូមដាក់ប្រាក់សន្សំ១០ដុល្លារទៅក្នុងគណនីបញ្ញើសន្សំរបស់អ្នកជាប្រចាំ។

៥. យឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ចសំខាន់ៗ ដូចជាមិនបានទូទាត់បំណុល ឬបណ្ណឥណទានឲ្យទាន់ពេលវេលា ឬបង្អែបង្អង់ក្នុងការទូទាត់លើការធានារ៉ាប់រងរបស់អ្នក។ អ្នកនឹងដឹងពីចំនួនប្រាក់ដែលអ្នកអាចសន្សំបាន នៅពេល​អ្នក​ដោះស្រាយបញ្ហានេះទាន់ពេលវេលា។

សូមចាប់ផ្តើមឥឡូវនេះ មិនថាអ្នកស្ថិតក្នុងវ័យណានោះទេ៖

– វ័យ២០-៣០ឆ្នាំ៖ ពេលវេលាគឺជាមិត្តដ៏ល្អបំផុតរបស់អ្នក សូមចាប់ផ្តើមវិនិយោគ។

– វ័យ៣០-៥០ឆ្នាំ៖ ឈប់ខ្ជះខ្ជាយលុយកាក់លើរឿងកំប៉ិកកំប៉ុក។ យូរៗទៅ ការសន្សំតិចតួចនេះនឹងធ្វើឲ្យប្រាក់កើនច្រើន។

– វ័យចាប់ពី៥០ឆ្នាំឡើង៖ គ្រប់គ្រងប្រាក់ឲ្យបានស្រួល កាត់បន្ថយបំណុល រក្សាប្រាក់សន្សំឲ្យមានសុវត្ថិភាពចៀសវាងចំណាយមិនចាំបាច់នានា។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់បន្ថែមថា សូមចងចាំថាបញ្ហាហិរញ្ញវត្ថុធំៗកើតចេញពីទម្លាប់អាក្រក់តូចៗ។ សូម​ដោះស្រាយបញ្ហាទាំងនោះនៅថ្ងៃនេះ។ សូមកុំរង់ចាំរហូតដល់អ្នកអាយុ៥០ឆ្នាំ ទើបអ្នកយល់ពីទម្លាប់ចំណាយ​របស់អ្នក ពីព្រោះទម្លាប់ចំណាយបច្ចុប្បន្នរបស់អ្នក អាចកំណត់ពីភោគទ្រព្យរបស់អ្នកទៅអនាគតបាន៕