អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំនៅសាលសន្និសីទអង្គរវត្ត នៃអគារអគ្គនាយកដ្ឋានពន្ធដារថ្មី ដែលស្ថិតនៅតំបន់ជ្រោយចង្វារ។
កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត រួមមាន៖ លោក ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានថ្នាក់កណ្តាល សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារផងដែរ។

សូមជម្រាបថា អគារពន្ធដារថ្មី ដែលកំពុងរៀបចំកិច្ចប្រជុំខាងលើនេះ គឺបានសាងសង់លើទឹកដីនៃក្រុងរណបជ្រោយចង្វារ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ នៅជាប់អគារពន្ធដារថ្មីនេះដែរ ក៏មានផ្សារទំនើប ( Shopping Mall ) ដែលអាចឱ្យប្រជាពលរដ្ឋ អ្នកជាប់ពន្ធគ្រប់ប្រភេទមកកម្សាន្ត និងទិញទំនិញបាន នៅពេលមករកសេវាកម្មពីពន្ធដារ ។ អគារនេះ បានចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក បានបុកគ្រឹះសាងសង់នៅអំឡុងឆ្នាំ ២០១៩ ។
អគារពន្ធដារថ្មីនេះ មានកម្ពស់៣២ជាន់ មានផ្ទៃក្រឡាសាងសង់សរុប៩៧ ៧០០ម៉ែត្រក្រឡា និងចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាព និងក្លាយជាទីតាំងនិមិត្តរូប នៃរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយក៏ជានិមិត្តរូបនៃភាពរីកចម្រើនជឿនលឿននៃខឿនសេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ហ្សាលីន


