ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី៧ មេសា ២០២៦ បានអញ្ជើញចូលធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលបានប្រព្រឹត្តិទៅ នៅឯប្រទេសបារាំង។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។

ក្រៅពីចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទខាងលើ ថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ក៏បានចូលរួមពិភាក្សាក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ ចំនួន៣ រួមមាន៖ ១. អភិបាលកិច្ច និងវិទ្យាសាស្ត្រ ២. ជំងឺឆ្លង និង៣. ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួម “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” នៅប្រទេសបារាំង ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង៕ អត្ថបទ៖ ហ្សាលីន

