សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ លោក ឡេ មិញហ៊ឹង ដែលទើបតែត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងសារលិខិតចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី បានលើកឡើងថា តាងនាមប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកក្នុងឱកាសដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការតែងតាំងនេះ បានឆ្លុះបញ្ចាំងអំពីសេចក្តី ទុកចិត្ត និងជំនឿជឿជាក់ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ជូនឯកឧត្តម ដោយទទួលស្គាល់ នូវការលះបង់របស់លោក ក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពជាតិ។

សម្តេចធិបតី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម និងក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម។ វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផល ធំៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបន្តលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងកិច្ចការ តំបន់ និងអន្តរជាតិ។
សម្តេចធិបតី បានសង្កត់ធ្ងន់បន្តថា កម្ពុជា និងវៀតណាម មានចំណងមិត្តភាពដ៏យូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងភាពជា អ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិយើងទាំងពីរ ហើយសម្តេចធិបតី ក៏ទន្ទឹងរង់ចាំជួបជាមួយ លោកដើម្បីផ្លាស់ប្តូរ ទស្សនៈលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌពហុភាគីនានា ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន យើងទាំងពីរ៕អត្ថបទ៖ហ្សាលីន

