សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គូសបញ្ជាក់ពីភាពមិនចុះសម្រុងគ្នា ក្នុងអំឡុងពេលនៃការចរចាសន្តិភាព

អន្តរជាតិ

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា អ៊ីរ៉ង់បានបដិសេធលក្ខខណ្ឌ “ដែលអាចបត់បែនបាន” ពីសហរដ្ឋអាមេរិក ខណៈដែលទីក្រុងតេអេរ៉ង់ បានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះ “ការទាមទារហួសហេតុពេក” នៅក្នុងពេលនៃការចរចាសន្តិភាព នៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Vance បានប្រាប់អ្នកយកព័ត៌មានមុនពេលចាកចេញពីប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃទី១២ ខែមេសាថា៖​”យើងមានការសម្របសម្រួលយ៉ាងខ្លាំង។ ហើយយើងបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ប៉ុន្តែជាអកុសល យើងមិនអាចសម្រេចបានវឌ្ឍនភាពណាមួយឡើយ”។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរអំពីលក្ខខណ្ឌដែលអ៊ីរ៉ង់បានបដិសេធ ក្នុងកិច្ចចរចានេះ​ លោក Vance បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់នៅកិច្ចចរចានេះ គឺការបដិសេធរបស់អ៊ីរ៉ង់ក្នុងការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេ។

យ៉ាងណាមិញ​ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា ការចរចាជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថានបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ដោយបញ្ជាក់ថា “ការទាមទារហួសហេតុរបស់ទីក្រុងវ៉ាស៊ីនតោន” បានរារាំងកិច្ចខិតខំប្រឹងប្រែងនេះ។

មិនតែប៉ុណ្ណោះសារព័ត៌មានក្នុងស្រុក Press TV បានរាយការណ៍ថា ក្នុងចំណោមចំណុចនៃការមិនចុះសម្រុងគ្នា គឺបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រ Hormuz និងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ជម្រាបជូនថា គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចរចាអស់រយៈពេល ២១ម៉ោង ដោយបានបញ្ចប់នៅព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ក្នុងនោះប៉ាគីស្ថានបានដើរតួជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចចរចា និងជាអ្នកសម្របសម្រួលផងដែរ៕​