វៀតណាម ចាយលុយជិត ៣ពាន់លានដុល្លារ លើការនាំចូលផលិតផលប្រេងកាត ត្រីមាសទី១ ឆ្នាំនេះ​

អន្តរជាតិ

វៀតណាម បានចំណាយលុយជិត ៣ពាន់លានដុល្លារ ក្នុងការនាំចូលផលិតផលប្រេងកាតជាច្រើនប្រភេទក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលជាការកើនឡើង ៧៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីនាយកដ្ឋានគយ បានបង្ហាញថាក្នុងខែមីនា វៀតណាមបាននាំចូលផលិតផលប្រេងកាតជាច្រើនប្រភេទជិត ១,២ លានតោន ស្មើនឹង ១,៤៦ពាន់លានដុល្លារ។ នេះតំណាងឱ្យការកើនឡើងជិត ១៣% នៃបរិមាណ និងជាង ៩៤% នៃតម្លៃបើប្រៀបធៀបទៅនឹងខែកុម្ភៈ។

ហើយយ៉ាងណាមិញ​ នៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ប្រទេសវៀតណាម បាននាំចូលផលិតផលប្រេងកាតជិត ៣,៤ លានតោន ស្មើនឹងជាង ២,៩ពាន់លានដុល្លារអាមេរិក។ បរិមាណនាំចូលបានកើនឡើងជិត ១,៥ ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា ចំពោះការនាំចូលប្រេងឆៅរបស់វៀតណាមវិញ​ បានធ្លាក់ចុះ ១៥% បើធៀបនឹងឆ្នាំមុន ដោយឈានដល់ជាង ៣,១ លានតោនក្នុងត្រីមាសទីមួយ ឬស្មើនឹងជិត ១,៧ពាន់លានដុល្លារអាមេរិក៕​