មហាសេដ្ឋីមានដាច់គេទាំង៥ របស់កូរ៉េខាងត្បូង កើនទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

មហាសេដ្ឋី​មានបំផុត​ទាំងប្រាំរូប​នៅ​កូរ៉េខាងត្បូង​ បាន​បង្កើនទ្រព្យសម្បត្តិសរុបរបស់ពួកគេដល់ចំនួន ២០,១ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ ខណៈពេលដែលទ្រព្យសម្បត្តិរបស់លោក Lee Jae-yong ប្រធាន​ក្រុមហ៊ុន Samsung បាន​កើនឡើង​ជិត​បីដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lee ​ប្រធានក្រុមហ៊ុន Samsung Electronics បាន​ឡើង​កាន់​តំណែង​ជាអ្នកមាន​បំផុត​របស់​កូរ៉េខាងត្បូង​វិញ​ បន្ទាប់ពី​បាត់បង់​តំណែង​កំពូលនេះ កាលពី​ឆ្នាំមុន។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ២១,៥ពាន់លានដុល្លារ ពោលគឺកើនឡើងពីចំនួន ៧,៨ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ លោក Michael Byung-ju Kim ស្ថាបនិកក្រុមហ៊ុន MBK Partners ជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយទ្រព្យសម្បត្តិសរុបកើនឡើងដល់ ៩,៩ពាន់លានដុល្លារ ពីចំនួន ៩,៥ពាន់លានដុល្លារ នៅឆ្នាំមុន។

ដោយឡែកលោក Seo Jung-jin សហស្ថាបនិកក្រុមក្រុមហ៊ុនជីវឱសថ Celltrion បានឃើញទ្រព្យសម្បត្តិសរុបខ្លួនកើនឡើងពី ៦,៣ពាន់លានដុល្លារ ដល់ចំនួន ៨,១ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់លេខ៣។

ជាមួយគ្នានេះ លោក Cho Jung-ho ប្រធានក្រុមហ៊ុន Meritz Financial Group ក៏បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងដល់ ៨ពាន់លានដុល្លារផងដែរនៅឆ្នាំនេះ។ ចំណាត់ថ្នាក់ចុងក្រោយ គឺធ្លាក់ទៅលើលោកស្រី Lee Boo-jin ដែលជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Samsung លោក Lee Kun-hee ជាមួយទ្រព្យសម្បត្តិកើនឡើងពី ៣,១ពាន់លានដុល្លារ ដល់ ៧,៩ពាន់លានដុល្លារ នៅឆ្នាំនេះ៕​