សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការសោកស្តាយចំពោះលុបចោលMOU 2001 ជាឯកតោភាគីរបស់ថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព) ខណៈសម្តេចតេជោ ក៏បានចោតជាសំណួរទៅថៃថា តើការផ្លាស់ប្តូនាយករដ្ឋមន្ត្រីថៃប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាព MOU 2001 ទេ?។

យោងតាមការបង្ហោះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។
សម្តេចតេជោ បន្តថា៖«សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?»។
សម្តេចតេជោ ក៏បានបញ្ជាក់បន្ថែមថា៖« ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់»។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។សម្តេចតេជោ ក៏បង្ហាញក្តីសង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕ អត្ថបទ៖ហ្សាលីន

