អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលប្រាំបីខែ ពីបទពុករលួយ និងរំលោភអំណាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ថាក់ស៊ីន វ័យ ៧៦ឆ្នាំ ត្រូវបានដោះលែងចេញពីពន្ធនាគារកណ្តាលខ្លងព្រេម ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី១១ ខែឧសភា ដែលជាផ្នែកមួយនៃកម្មវិធីដោះលែងមុនកាលកំណត់ ដោយមានលក្ខខណ្ឌថា លោកត្រូវតែពាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិក រហូតដល់ការកំណត់នៃការសាកល្បងរយៈពេលបួនខែរបស់លោក សម្រាប់ការអនុវត្តទោសនៅក្រៅឃុំ។ លោក ថាក់ស៊ីន គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសជាង ៨៥០ នាក់ ផ្សេងទៀត ដែលត្រូវបានដោះលែងមុនកាលកំណត់ នៅក្នុងការដោះលែងជុំនេះ។
ក្រោយដោះលែង អ្នកគាំទ្ររាប់រយនាក់ រួមទាំងកូនស្រីរបស់លោក គឺអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែនតុងតាន ស៊ីណាវ៉ាត្រា បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ដើម្បីស្វាគមន៍លោក ដោយអ្នកខ្លះស្រែកថា “យើងស្រឡាញ់លោក ថាក់ស៊ីន”។
គួររំឮកផងដែរថា កាលពីខែមុន អាជ្ញាធរកែតម្រូវរបស់ថៃ បានប្រកាសពីការសម្រេចចិត្តរបស់ពួកគេ ក្នុងការដោះលែង លោក ថាក់ស៊ីន ចេញពីពន្ធនាគារមុនកាលកំណត់ ដោយលើកឡើងពីកត្តាអាយុរបស់លោក និងការពិតដែលថាលោកនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដើម្បីអនុវត្តទោស។
លោក ថាក់ស៊ីន ធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីថៃចាប់ពីឆ្នាំ២០០១ ប៉ុន្តែត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារយោធាមួយក្នុងឆ្នាំ២០០៦។ លោកបានវិលត្រឡប់មកប្រទេសថៃវិញ នៅខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនទៅក្រៅប្រទេសជាងមួយទសវត្ស។ ក្រោយត្រលប់មកវិញ អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំបីឆ្នាំពីបទរំលោភអំណាច ប៉ុន្តែទោសរបស់លោកត្រូវបានបន្ថយមកត្រឹមមួយឆ្នាំតាមរយៈការលើកលែងទោស។
តែទោះជាយ៉ាងណាក៏ដោយ លោក ថាក់ស៊ីន បានជាប់ពន្ធនាគារត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ មុនពេលលោកត្រូវបានផ្ទេរទៅមន្ទីរពេទ្យដោយសារតែគាំងបេះដូង និងឈឺទ្រូង។ លោកត្រូវបានលើកលែងទោសបន្ទាប់ពីប្រាំមួយខែ នៅក្នុងបន្ទប់ VIP របស់មន្ទីរពេទ្យ។
ប៉ុន្តែ នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ តុលាការកំពូលថៃបានសម្រេចថា ការផ្ទេរអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ចេញពីពន្ធនាគារទៅមន្ទីរពេទ្យដើម្បីព្យាបាលនៅឆ្នាំ២០២៣ គឺជារឿងខុសច្បាប់ ហើយតម្រូវឲ្យលោកត្រលប់មកអនុវត្តទោសបន្ត ដោយតម្រូវឲ្យជាប់ពន្ធនាគារមួយឆ្នាំឡើងវិញ៕

