នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានចោទប្រកាន់ទៅលើមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ថា កំពុងជ្រៀតជ្រែកកិច្ចការនយោបាយ និងការញុះញង់ឲ្យមានការបែកបាក់នៅក្នុងប្រទេសខ្លួន ចំពេលកំពុងមានការតវ៉ាកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងសិទ្ធិជនជាតិស្បែកស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian។

ជុំវិញការលើកឡើងរបស់លោក Starmer នេះ បានកើតឡើង បន្ទាប់ពីលោក Musk បានប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនម្តងហើយម្តងទៀត ដើម្បីចេញមុខនិយាយរឿងរើងអើងពូជសាសន៍នៅក្នុងប្រទេសអង់គ្លេស ជាពិសេសពាក់ពន្ធទៅនឹងការស្លាប់របស់យុវជនម្នាក់ ដែលត្រូវបានគេចាក់សម្លាប់នៅទីក្រុង Southampton កាលពីចុងឆ្នាំមុន។
គួរឲ្យដឹងថា ហេតុការណ៍នេះបានកើតលើយុវជន Henry Nowak ជានិស្សិតប្រុសអាយុ ១៨ឆ្នាំ ត្រូវបានចាក់នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ ជនសង្ស័យឈ្មោះ Vickrum Digwa បានអះអាងថា Nowak បានរំលោភបំពានជាតិសាសន៍លើរូបលោក ហើយបានវាយប្រហារមកលើលោកមុន។ បន្ទាប់មក សហព័ន្ធប៉ូលីស Hampshire បានចាប់ Nowak ដាក់ខ្នោះដៃ ទាំងដែលគេកំពុងរងរបួសធ្ងន់ដោយការចាក់ ហើយមិនបានអើពើនឹងការអង្វរកសុំជំនួយរបស់ Nowak នោះឡើយ រហូតដល់គេបាត់បង់ជីវិត។
ករណីនៃការស្លាប់របស់យុវជនរូបនេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមអស់រយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងចក្រភពអង់គ្លេស។ មហាសេដ្ឋី Elon Musk បានអះអាងម្តងហើយម្តងទៀតថា ករណី Nowak បង្ហាញពីអត្ថិភាពនៃការរើសអើងប្រឆាំងនឹងជនជាតិស្បែកសនៅក្នុងប្រទេសអង់គ្លេស។ គាត់ថែមទាំងបានផ្តល់ជូនមូលនិធិសម្រាប់ការចោទប្រកាន់ឯកជនប្រឆាំងនឹងកម្លាំងប៉ូលីស Hampshire របស់អង់គ្លេសទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Starmer បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយអភិបាលក្រុង នៅថ្ងៃទី៤ ខែមិថុនាថា ៖”យើងត្រូវបង្ហាញអត្តសញ្ញាណជាតិរបស់យើង នៅពេលដែល Elon Musk កំពុងព្យាយាមជ្រៀតជ្រែកក្នុងនយោបាយ និងសាបព្រោះការបែកបាក់ម្តងទៀត។ ជនជាតិអង់គ្លេសមានហេតុផល និងការអត់ឱន។ នៅចំពោះមុខព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់ដូចជាករណី Henry Nowak យើងត្រូវមានប្រតិកម្មដោយស្ងប់ស្ងាត់ ដូចដែលក្រុមគ្រួសាររបស់គាត់កំពុងធ្វើ”។
គួរជម្រាបជូនផងដែរថា នេះមិនមែនជាលើកទីមួយទេដែលមហាសេដ្ឋី Elon Musk បានចូលលូកដៃក្នុងជួរនយោបាយអង់គ្លេស។ កាលពីឆ្នាំមុន លោកបានប៉ះទង្គិចជាមួយរដ្ឋាភិបាលអង់គ្លេសលើក្រុមក្មេងទំនើងរំលោភបំពានកុមារ និងបានគាំទ្រជាសាធារណៈដល់សកម្មជន Tommy Robinson ដែលជាអ្នកប្រឆាំងដ៏ធំម្នាក់ទៅនឹងរដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ន ផងដែរ៕

