ទី​ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

សង្គម​ និង​សេដ្ឋកិច្ច

សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត  បានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលជា​បណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN)​ដោយមានការចូលរួមពី លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំង លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ លោក​ ម៉ៅ ធនិន អភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យ​​ឯកជន និង​អ្នកជំនាញការ សរុបប្រមាណ​ជាង​២០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ហួត ហាក់ បានឱ្យដឹងថា សិក្ខាសាលាខាង​លើ​​នេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍​ដែល​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយ​មាន​ភាព​ល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។

លោកក៏បានបន្ថែមទៀតថា ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់យូណេស្កូផ្នែក​ម្ហូប​អាហារ​ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏​បានលើក​ទឹក​ចិត្ត និង​ជំរុញ​ដល់រាជធានី និង​ខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីក​​កកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។

លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទី​ក្រុង​កំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែក​ម្ហូប​អាហារ​ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

គូស​បញ្ជាក់​ថា កាលពីឆ្នាំ២០២៣ ទី​ក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) ដែល​បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅ​កាន់​ពិភព​លោក​៕