ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រគល់ភារកិច្ចជូនលោក សារិន វណ្ណា ដឹកនាំក្រុមការងារប្រតិបត្តិតាមបណ្តា​រាជធានី-ខេត្ត ជួយការងារប្រឆាំងអំពើពុករលួយរបស់ក្រសួងរៀបចំដែនដី

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញ​សេចក្តីសម្រេច​ប្រគល់ភារកិច្ចជូន លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​រាជធានីភ្នំពេញ ឱ្យដឹកនាំក្រុមការងារប្រតិបត្តិតាមបណ្តា​រាជធានី-ខេត្ត ជួយដល់ក្រុមជនបង្គោល​ប្រឆាំងអំពើពុករលួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីទទួលបានការប្រគល់ភារកិច្ចបន្ថែមនេះ លោក សារិន វណ្ណា បានបង្ហោះសារប្តេជ្ញាចិត្ត​លើបណ្តាញសង្គម​ហ្វេសប៊ុក នៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បែបនេះថា៖ “ក្រោយពេលទទួលបានកំណែទម្រង់ពីថ្នាក់ជាតិ លើនីតិវិធី ផ្តល់សេវាសាធារណៈ តាមបណ្តារាជធានី ខេត្ត លើវិសយ័ដីធ្លី និងតាមការសម្រេចរបស់ក្រសួងរៀបចំ​ដែនដី លើការបំបាត់អំពើពុករលួយសម្រាប់រាជធានី ខេត្ត ខ្ញុំនឹងសម្រេចពិនិត្យលើគ្រប់ករណី សំណើ និង សំណូមពរ​ទាំងអស់ ដល់អ្នកស្នើសុំសេវារដ្ឋបាល ប្រកបដោយយុត្តិធម៌ និងនិតិវិធីជាធរមាន។ 07.7.26 (សម្រាប់ខ្ញុំហ៊ានធ្វើ)”។

សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងអាណត្តិថ្មីនេះ បាននិងកំពុងកំណែទម្រង់ជាច្រើន ដូចជា ការបង្កើនសន្ទុះចុះបញ្ជីបង្ហើយទូទាំងប្រទេស ការបញ្ចប់ដោះស្រាយវិវាទដីធ្លី និងការផ្តល់សេវាសាធារណៈគាប់ចិត្ត (សេវារហ័ស) ជាដើម។ ទោះយ៉ាងណា ក៏មាន​មន្ត្រី​មួយចំនួនតូច បានលួចប្រព្រឹត្តអំពើមិនគប្បី ទើបឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្រេចបង្កើតក្រុមជន​បង្គោល​​ប្រឆាំង​អំពើពុករលួយរបស់ក្រសួងខាងលើនេះឡើង៕