អ្នកឧកញ៉ា លី ឃុនថៃ៖ គិតត្រឹមឆ្នាំ២០២៦ នេះ កម្ពុជាមានរោងចក្រស្បែកជើងច្រើនជាង ២០០ ផ្តល់ឱកាសការងារជិត ១៩ម៉ឺននាក់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសហព័ន្ធឧស្សាហកម្មស្បែកជើងអន្តរជាតិ (CIFA) និងជាប្រធានសមាគមស្បែកជើងកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៦ នេះ កម្ពុជាមានរោងចក្រស្បែកជើងច្រើនជាង ២០០ រោងចក្រ បានផ្តល់            ឱកាសការងារដល់កម្មករនិយោជិតប្រមាណជិត១៩ម៉ឺននាក់ រួមជាមួយការទទួលបានការអនុគ្រោះពន្ធទៅកាន់ទីផ្សារពិភពលោកសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង និងអាស៊ាន ដែលបង្កើតឱកាសដ៏វិសេសវិសាលបន្ថែមទៀត សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាស អញ្ជើញបើកសន្និសីទស្បែកជើងអន្តរជាតិលើកទី៤៣ និងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ របស់សហព័ន្ធ CIFA នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាឈរជើងជាគោលដៅវិនិយោគដ៏ជោគជ័យ និងមានសក្ដានុពលបំផុតមួយនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់នូវឱកាសដ៏វិសេសវិសាលសម្រាប់កំណើនវិនិយោគ និងធុរកិច្ច ប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងភាពជោគជ័យនេះ អ្នកឧកញ៉ា ក៏បានអញ្ជើញអ្នកវិនិយោគ មកពីបណ្តាប្រទេស CIFA ទាំងអស់ និងជុំវិញពិភពលោក មកសិក្សា និងឈ្វេងយល់ពីកម្ពុជា។ អ្នកឧកញ៉ថា សង្កត់ធ្ងន់ថា កម្ពុជា មិនត្រឹមតែត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រ រយៈពេលយូរអង្វែង ដែលការវិនិយោគនឹងមានភាពរីកចម្រើន ការច្នៃប្រឌិតនឹងរីកដុះដាល និងសម្រេចបាននូវវិបុលភាពរួមគ្នាសម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕