ក្រុមហ៊ុន China Energy International និងក្រុមហ៊ុន China Railway Construction Corporation (CRCC) បានជួបពិភាក្សាមួយប្រមុខដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ការជួបពិភាក្សាគ្នានេះ បានធ្វើឡើងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិនលើវិស័យ វិស្វកម្ម ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង វារីអគ្គិសនី និងថាមពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ។

ចំណែកឯក្រុមហ៊ុន CRCC គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅលើពិភពលោក។ ធ្វើប្រតិបត្តិការអាជីវកម្ម គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដូចជា សាងសង់ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន, ស្ពាន, ផ្លូវក្រោមដី, ប្រព័ន្ធរថភ្លើងក្រោមដី និងកំពង់ផែ។ ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងរចនាប្លង់បច្ចេកវិទ្យាកម្រិតខ្ពស់ រួមទាំងការផលិតគ្រឿងចក្រធុនធ្ងន់សម្រាប់សាងសង់ ដូចជាម៉ាស៊ីនខួងផ្លូវក្រោមដីខ្នាតយក្ស និងបរិក្ខារផ្លូវរថភ្លើង។
សូមជម្រាបដែរថា ក្នុងឱកាសស្នាក់នៅប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ក្រៅពីអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ហើយនោះ សម្តេចរធិបតីនាយករដ្ឋមន្ត្រី នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនទៀត។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារនេះ ជាការគូសបញ្ជាក់អំពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ហ្សាលីន



