អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ អញ្ជើញប្រគេនទៀនព្រះវស្សា បច្ច័យកសាងវត្ត និងចែកអំណោយជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជាង ៦០០នាក់ ក្នុងខេត្តកំពង់ចាម

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនជាច្រើនរូប បានអញ្ជើញនាំយកទៀនព្រះវស្សា ប្រគេនបច្ច័យកសាងវត្ត និងនាំយកអំណោយជាច្រើនសន្ធឹកសន្ធាប់ទៅចែកជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ៦០០នាក់ ដោយបរិយាកាសពោរពេញដោយស្នាមញញឹម និងសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ គណៈអធិបតី និងក្រុមគ្រួសារសប្បុរសជន បានប្រគេនបច្ច័យកសាងវត្តចំនួនពីរនៅខេត្តកំពង់ចាម ដោយក្នុងមួយវត្តទទួលបាន ២៨លានរៀល រួមមាន៖

វត្តចន្ទមូលី (ហៅវត្តផ្អាវ)៖ ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ (ដែលមានព្រះគ្រូវណ្ណត្ថេរ ហ៊ុយហុង ជាព្រះចៅអធិការ) និង វត្តបទុមារាម (ហៅវត្តឈូក)៖ ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ (ដែលមានព្រះតេជគុណបណ្ឌិត មហាសុវណ្ណ សុរណាត ជាព្រះចៅអធិការ)។

បន្ថែមពីលើបច្ច័យកសាង វត្តនីមួយៗ ទទួលបានទេយ្យវត្ថុរួមមាន ត្រីខ, ទឹកត្រី, អង្ករ ៥បាវ, ទឹកសុទ្ធ ២៥កេះ និងសាប៊ូលាងចាន ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៦អង្គ ដោយក្នុង ១អង្គៗ ទទួលបានបច្ច័យ ២០០,០០០ រៀល។

ក្រៅពីកិច្ចទ្រទ្រង់ព្រះពុទ្ធសាសនា ក្រុមការងារសប្បុរសជនក៏បានពង្រីកទឹកចិត្តមេត្តាករុណាដល់សហគមន៍មូលដ្ឋាន ដោយបានចែករំលែកអំណោយយ៉ាងជ្រះថ្លារួមមាន៖

លោកគ្រូ-អ្នកគ្រូ៖ ទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០,០០០ រៀល ក្នុង ១នាក់, សិស្សានុសិស្ស ជាង ៣០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ, ប៊ិច, ជ័រលុប និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការសិក្សា។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ និងលោកយាយលោកតាចំណុះជើងវត្ត ជាង ៣០០នាក់ ម្នាក់ៗទទួលបាន អង្ករ ១បេ, មី ១កេះ, សារ៉ុង ១ និងថវិកាចំនួន ២០,០០០ រៀល និងកងកម្លាំងសន្តិសុខ និងប្រជាការពារ ទទួលបានថវិកាចំនួន ៣០,០០០ រៀល ក្នុង ១នាក់ សម្រាប់ការខិតខំប្រឹងប្រែងជួយសម្រួលសណ្ដាប់ធ្នាប់។

ស្មារតីសប្បុរសធម៌ដ៏ធំធេងនេះ កើតចេញពីសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ា តាំង ផេងប៉ោនិង លោកជំទាវ ឃុន ណៃ រួមជាមួយសប្បុរសជនជាច្រើនរូបទៀត៖ ១. អ្នកឧកញ៉ា អុឹង ឆៃងួន និងលោកជំទាវ លាត ណេង ២. ឧកញ៉ា តាំង ប៉េងយូ និងភរិយា តាំង ហ្គេចវួយ ៣. ឧកញ៉ា លឹម វុទ្ធី និងភរិយា តាំង ហ្គេចទៀង ៤. អ្នកឧកញ៉ា អុឹង លីហេង និងភរិយា អ្នកឧកញ៉ា តាំង ហ្គិចលៀង ៥. ឧកញ៉ា គង់ សំណាង និងភរិយា តាំង ហ្គិចមុំ ៦. ឧកញ៉ា គុជ ច័ន្ទវុធឌី និងភរិយា តាំង ហ្គិចញ៉ូង ៧. ឧកញ៉ា អុឹង សុងលាភ និងភរិយា តាំង ហ្គិចស៊ីម ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា និងលើកកម្ពស់ជីវភាពរស់នៅក្នុងសហគមន៍។

សូមអនុមោទនាបុណ្យ និងជូនពរដល់អ្នកផ្តើមបុណ្យ ព្រមទាំងសប្បុរសជនទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!