CDC ជំរុញវិស័យឯកជនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មដែលមានតម្លៃខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​បានជំរុញដល់វិស័យឯកជនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មដែលមានតម្លៃខ្ពស់។លោកថ្លែងដូច្នេះ កាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតី និងផ្តល់មតិបូកសរុបកម្មវិធី ក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី៣ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា (CCCC) ក្រោមការសម្របសម្រួល និងគាំទ្រពី ក.អ.ក. ជាមួយមូលបទ «ការពង្រឹងមូលដ្ឋានគ្រឹះនៃខ្សែច្រវាក់ផ្គត់ផ្គង់៖ ការលើកកម្ពស់បរិវត្តកម្មឧស្សាហកម្មរបស់កម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវមតិបូកសរុបយ៉ាងស៊ីជម្រៅ ដោយបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមានជាអាទិ៍៖ ១.ការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការផ្សព្វផ្សាយពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប, ២.ការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន, និង៣.ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។ ទន្ទឹមនឹងនេះ លោកបានបន្តអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋ និងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗបន្ថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

 អត្ថបទ៖ហ្សាលីន