រដ្ឋលេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Dan Driscoll បានដាក់ពាក្យលាលែងចេញពីតំណែងរបស់លោក ខណៈពេលដែលសេតវិមានមិនទាន់បានបញ្ជាក់ ឬបដិសេធជុំវិញព័ត៌មាននេះនៅឡើយនោះទេ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Wall Street Journal បានរាយការណ៍ កាលពីថ្ងៃទី៣១ ខែសីហា ដោយផ្អែកលើប្រភពដែលស្និទ្ធនឹងរឿងនេះថា លោក Driscoll ត្រូវបានគេរំពឹងថានឹងចុះចេញពីតំណែងនៅចុងឆ្នាំនេះ ឬឆាប់ជាងនេះ បន្ទាប់ពីមានរកាំរកូសជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អស់រយៈពេលជាច្រើនខែកន្លងមក។
ទន្ទឹមនឹងនេះ សារព័ត៌មាន Fox News ក៏បានបន្ថែមឲ្យដឹងទៀតថា លោក Driscoll បានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់កងទ័ពជើងគោកអាមេរិកជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ មុនពេលដាក់ពាក្យចុះចេញពីតំណែងរបស់ខ្លួន។
គួរឲ្យដឹងថា កាលពីខែមេសា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោក Hegseth និងលោក Driscoll មានភាពតានតឹងជាមួយគ្នា ដោយសារតែជម្លោះដែលមានស្រាប់ពីមុនមក ហើយក៏មានការខ្វែងគំនិតគ្នលើបញ្ហាជាច្រើននាពេលថ្មីៗនេះ ផងដែរ។
យ៉ាងណាមិញ ប្រភពនៃភាពតានតឹងនេះហាក់ដូចជាបានចាប់ផ្តើម នៅដើមឆ្នាំ២០២៥ នៅពេលដែលឈ្មោះលោក Driscoll ត្រូវបានលើកឡើងនៅក្នុងរដ្ឋបាលលោក ត្រាំ ថាជាបេក្ខជនដែលមានសក្តានុពលក្នុងការជំនួសតំណែងលោក Hegseth ។ នៅពេលនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះ កំពុងស្វែងរកការបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងចំណោមរឿងអាស្រូវជាច្រើន នៅក្នុងឆ្នាំដំបូងនៃការកាន់តំណែងរបស់លោក។
ជម្រាបជូនថា ព្រឹទ្ធសភាអាមេរិកបានអនុម័តការតែងតាំងលោក Driscoll នៅខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនាមជារដ្ឋលេខាធិការក្រសួងការពារជាតិ លោក Driscoll បានជំរុញឱ្យមានការកាត់បន្ថយបែបបទរដ្ឋបាល ដើម្បីឱ្យក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធការពារជាតិអាចអភិវឌ្ឍដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូនបានឆាប់រហ័ស ស្របពេលដែលយុទ្ធសាស្ត្រសង្គ្រាមសកលលោកមានការផ្លាស់ប្តូរយ៉ាងលឿន៕

