ក្រសួងការពារជាតិ ប្រកាសចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាជាលើកដំបូង យុវជនអាចទទួលពាក្យចាប់ពីថ្ងៃទី១ ខែតុលា តទៅ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ឱ្យចាប់ផ្តើមដំណើរការអនុវត្ត «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» ជាលើកដំបូង សំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យ ដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ។ នេះបើយោងតាមសារពិសេសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលិខិតផ្ញើជូនបងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។ ជាមួយគ្នានេះ សូមបងប្អូនយុវជនបន្តតាមដានសេចក្តីជូនដំណឹងផ្លូវការ ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌ ឯកសារតម្រូវ និងជំហានបន្តបន្ទាប់នៃការដាក់ពាក្យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ វិន័យ និងសមត្ថភាពខ្ពស់ ដើម្បីធានាការពារអធិបតេយ្យ បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព។

បន្ថែមលើសពីនេះ ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព។ ការចូលរួមបំពេញកាតព្វកិច្ចយោធានឹងផ្តល់ឱ្យយុវជននូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា និងការទទួលខុសត្រូវខ្ពស់។ ការហ្វឹកហាត់នេះ មិនត្រឹមតែជួយពង្រឹងកម្លាំងកាយ និងចិត្តគំនិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជំនាញ បទពិសោធន៍ បង្កើនទំនុកចិត្ត និងជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការសិក្សា ការងារ និងការរស់នៅក្រោយពេលបញ្ចប់កាតព្វកិច្ចយោធាផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ ផ្តល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ ព្រោះការគាំទ្រពីក្រុមគ្រួសារ និងសង្គមជាតិមានសារៈសំខាន់បំផុតចំពោះការត្រៀមខ្លួនរបស់យុវជន។ ឯកឧត្តមក៏បានបញ្ជាក់ច្បាស់ថា ដំណើរការជ្រើសរើសនឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌ និងនីតិវិធីដែលបានកំណត់ ដោយធានានូវតម្លាភាព និងស្មើភាពគ្នាជាចម្បង៕